ភ្នំពេញ៖ ក្រោយយក(វីដេអូ)នៃអំពើហិង្សាពីបរទេស ដែលគ្មានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយ និងត្រូវបានឃាត់ខ្លួន ពេលនេះលោក ដួង អក្ខរា ប្រធានសមាគមសហគ្រិនសារព័ត៌មានដើម្បីការអភិវឌ្ឍន៍ និងជាចាងហ្វាងសារព័ត៌មានS.A TVHD បានចេញលិខិតទទួលស្គាល់កំហុស និងសុំទោសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃក្រកម្ពុជា..។
នេះបើយោងតាមលិខិតសុំទោស របស់លោក ដួង អក្ខរា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ក្នុងលិខិតនោះលោក ដួង អក្ខរា បានសុំទោស និងគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចជាទីគោរពដ៏ខ្ពង់ខ្ពង់់បំផុត!ខ្ញុំបាទឈ្មោះ ដួង អក្ខរា ជាប្រធានសមាគមសហគ្រិនសារពត៌មានដើម្បីការអភិវឌ្ឍន៍ និងជាចាងហ្វាងនៃអង្គភាពសារពត៌មាន អេស អេ ធីវី អ៊េចឌី អនឡាញ ពិតជាមានការសោកស្តាយជាពន់ពេក ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើគណនីហ្វេកហ៊ុកផេកឈ្មោះ (គេហទំព័រ S.A TVHD ) និងគណនីតេឡាក្រាមឈ្មោះ ( S.A TVHD CHANNEL) ក្រោមចំណងជើងថា«ឧក្រិដ្ឋជនកំពុងធ្វើទារុណកម្មមនុស្សយ៉ាងព្រៃផ្សែក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ក្រុងភ្នំពេញ តើឲ្យសង្ឃឹមអាជ្ញាធរខណ្ឌដង្កោ គឺដូចសង្ឃឹមផ្កាយលើមេឃអីចឹង» ដោយខ្ញុំបាទបានផ្សាយព័ត៌មាន គ្មានប្រភពច្បាស់លាស់ ដែលបង្កឲ្យមានការភ័ន្តច្រឡំ ដោយទទួលបានពីជនអនាមិក ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិទាំងមូល។ក្នុងពេលនេះខ្ញុំបាទ បានដឹងកំហុស ហើយសូមលំឱនកាយលើកម្រាមដៃដប់ ដើម្បីសុំទោសជាសាធារណៈ និងជាពិសេសដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសដោយ អចេតនារបស់ខ្ញុំបាទ។ ខ្ញុំបាទសូមសន្យាថា នឹងឈប់ផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិ ជាពិសេសបានបង្កឲ្យមានការយល់ច្រឡំពីសាធារណៈជនទូទៅ ខ្ញុំបាទបានលុបចោលនូវវីដេអូ ដែលបានផ្សាយចេញកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅលើគណនីហ្វេកហ៊ុកផេកឈ្មោះ (គេហទំព័រ S.A TVHD ) និងគណនីតេឡាក្រាមឈ្មោះ(S.A TVHD CHANNEL) ចោលទាំងស្រុងរួចហើយ។ខ្ញុំបាទសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមានក្តីមេត្តាផ្តល់ភាព សណ្តោសអភ័យ និងព្រមទទួលយកនូវការសូមអភ័យទោស អំពីខ្ញុំបាទ។សូម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។សូមជម្រាបថា លោក ដួង អក្ខរា ចាងហ្វាងសារព័ត៌មាន(S.A TVHD)និងលោក ឡាយ សុជាតិ ចាងហ្វាងសារព័ត៌មាន(ខេមបូឌាស្តាដេលីញូវស៍)ត្រូវសមត្ថកិច្ចនគរបាលស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីល្ងាចទី២១.០១.២០២៥ រួចបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវីធី។បន្ទាប់ពីពួកគាត់យក(វីដេអូ)នៃអំពើហិង្សាធ្វើទារុណកម្មពីបរទេស ដែលគ្មានប្រភពច្បាស់លាស់ មកធ្វើការផ្សព្វផ្សាយថា កើតហេតុនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ៕






