សៀមរាប ÷ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ «កម្មសិទ្ធបញ្ញា និងតូរ្យតន្រ្តី» ដោយរំលេចនូវតួនាទីដ៏សំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការការពារសិទ្ធិអ្នកនិពន្ធ និងគាំទ្រស្នាដៃច្នៃប្រឌិតក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ អក្សរសាស្ត្រ និងសិល្បៈ។
ទិវានេះត្រូវបានរៀបចំឡើង ក្រោមសហអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា, និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រួមជាមួយឯកឧត្តមអភិបាលខេត្តសៀមរាប តំណាងដៃគូអភិវឌ្ឍន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកសិល្បៈ និងភាគីពាក់ព័ន្ធជាច្រើន។ថ្លែងក្នុងពិធីបើកទិវានេះ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យមានការគោរពកម្មសិទ្ធិបញ្ញាក្នុងវិស័យតូរ្យតន្រ្តី ដោយលើកឡើងថា៖ "យើងអំពាវនាវឱ្យអ្នកទាំងអស់គ្នាគោរពកម្មសិទ្ធិបញ្ញា ដោយមិនចម្លង ឬផ្សព្វផ្សាយស្នាដៃតូរ្យតន្ត្រីដោយគ្មានការអនុញ្ញាត, គាំទ្រអ្នកនិពន្ធ និងអ្នកសិល្បៈ តាមរយៈការទិញស្នាដៃដោយស្របច្បាប់, និងយល់ដឹងពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញាក្នុងការលើកស្ទួយឧស្សាហកម្មនៃសកម្មភាពផ្នែកវប្បធម៌ និងស្ថាបនាសង្គមដែលគោរពស្នាដៃគ្នាទៅវិញទៅមក។”
ឯកឧត្តមបានសង្កត់ធ្ងន់លើសក្តានុពលនៃឧស្សាហកម្មតូរ្យតន្ត្រី ជាកម្លាំងចលករសម្រាប់អការភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត (creative economy) របស់កម្ពុជា។ផ្សាយដោយ ធូ កុសល MoINFO APP








