រតនគិរី៖ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងជិះខ្សែរ៉តគយគន់ទេសភាពធម្មជាតិនារដូវវស្សាពណ៌បៃតងខ្ចី នៅបឹងកន្សែង ដែលជាបឹងធម្មជាតិស្ថិតនៅចំកណ្តាលខេត្តរតនគិរី។ បឹងកន្សែងត្រូវបានគេស្គាល់ថាជារមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តនេះ។
បឹងកន្សែងបច្ចុប្បន្នបានប្រែមុខមាត់ថ្មី គួរឱ្យទាក់ទាញជាមួយនឹងបរិស្ថានស្អាត និងសោភ័ណភាពល្អ។ ទីនេះត្រូវបានរៀបចំឡើងជាទីកន្លែងកម្សាន្តដ៏ពេញនិយម ដោយមានបំពាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍លេងសម្រាប់ក្មេងតាមមាត់បឹង។ លើសពីនេះ ក៏មានខ្សែរ៉តសម្រាប់ជិះកម្សាន្ត សួនច្បារស្រស់បំព្រង ភ្លើងបំភ្លឺសាធារណៈ រូបសំណាកគ្រួសារដំរី រូបសំណាកសត្វអក និងរូបសំណាកសត្វជាច្រើនទៀត ដែលទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងក្រុងបានលុង ឱ្យមកទស្សនា និងគយគន់សម្រស់ធម្មជាតិដ៏ស្រស់ត្រកាលនេះ ៕