ភ្នំពេញ÷ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការឈ្លានពានរបស់ថៃមកដែនអធិបតេយ្យកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះថា បើទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិកដូលណាត្រាំបានលើកអំពីសំណើរអោយមានការឈប់បាញ់គ្នាជាបន្ទាន់កាលពីថ្ងៃទី២៦កក្ដដា ហើយនាយករដ្ឋមន្ត្រីស្តីទីថៃក៏បានយល់ព្រមតាមសំណើរនេះយ៉ាងណាក្តី ប៉ុន្តែថៃនៅតែបន្តវាយប្រហារមកលើកម្ពុជាពេញមួយថ្ងៃទី២៧កក្កដាម្សិលមិញនេះ។
នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការឈ្លានពានរបស់ថៃមកដែន អធិបតេយ្យកម្ពុជា នេះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា កាលពីថ្ងៃទី២៧កក្កដា មកភាគីថៃបានបើកការវាយប្រហារមកលើទឹកដីកម្ពុជា តាំងពីម៉ោង២រំលងអធ្រាត្រ ដោយបាញ់ផ្លោងដូចភ្លៀងរលឹម ចូលតំបន់ប្រាសាទព្រះវិហារ ប្រើយន្តហោះដ្រូនអត្តឃាដទម្លាក់គ្រាប់បែកចង្គ្រោមនិងបាញ់ផ្សែងពុល ដែលពិភពលោកហាមឃាត់។ ហើយឈានចូលថ្ងៃទី២៨កក្កដានេះ ភាគីថៃបានបើកការផ្ទុះអាវុធពីម៉ោង៣និង១០នាទី រំលងអធ្រាត្រដោយបាញ់ផ្លោងចូលតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី។លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបង្ហាញថា ថៃបានបង្ហាញចេតនារំលោភបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន គោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសន្តិភាព ស្ថេរភាព ក្នុងតំបន់ និងបង្កផលប៉ះពាល់ដល់មូលដ្ឋានគ្រឹះសណ្តាប់ធ្នាប់អន្តរជាតិទៀតផង។ផ្ទុយទៅវិញភាគីថៃ បានខិតខំបំភាន់មតិពិភពលោកដោយប្រឌិតព័ត៌មានថា កម្ពុជាបានប្រើប្រាស់កាំជ្រួចរយៈចម្ងាយឆ្ងាយPHL-03 និងប្រឌិតថាកម្ពុជាបានបាញ់ចូលទឹកដីឡាវទៅវិញ ដែលព័ត៌មានភូតកុហក់នេះត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិច្រានចោល។ ទន្ទឹមនេះ កម្ពុជាត្រៀមខ្លួនសហការជាមួយឡាវ ដើម្បីស៊ើបអង្កេតលើករណីដែលមានគ្រាប់ផ្លោងហោះចូលទឹកដីឡាវ៕អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)