ភ្នំពេញ ÷ប្រមុខការទូតកម្ពុជា បានថ្លែងប្រាប់អង្គទូតនិងសេនានុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជាថា ថៃមានមហិច្ឆតាឈ្លានពានគិតទុក ជាមុន និងដោយចេតនាមកលើអធិបតេយ្យភាពរបស់កម្ពុជា ដែលរំលោភលើ MOU ឆ្នាំ២០០០ និងច្បាប់អន្តរជាតិ ហើយកម្ពុជាប្រើ ប្រាស់សិទ្ធិការពារធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានជំនួបជាមួយបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ដើម្បីធ្វើការពន្យល់អំពីស្ថានការណ៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ ដោយក្នុងជំនួបនេះអង្គទូតបានសំដែងនូវការព្រួយបារម្ភនិងចង់ឲ្យភាគីទាំងពីរស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ចំនួនអង្គទូត និងអនុព័ន្ធយោធាបរទេស ដែលបានចូលរួមមានចំនួន៥២ រូប ដែលមានស្ថានទូតឬកុងស៊ុលប្រចាំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងទៅកាន់អង្គទូត និងសេនានុព័ន្ធអមស្ថានទូតទាំងនោះថា ជំនួបនេះកម្ពុជាចង់បញ្ជាក់ពីបញ្ហាជម្លោះនៅតាមព្រំដែនរវាងកម្ពុជានិងថៃនៅពេលនេះ បណ្តាលមកពីការឈ្លានពានរបស់ថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា ពីសំណាក់ថៃ ដោយបើកការវាយប្រហារមុនមកលើកម្ពុជានិងបញ្ជាក់ជូនអង្គទូតពីអនាគតនិងដំណោះស្រាយនៃជម្លោះនេះ។ក្រោយពីជំនួបប្រមាណ១ម៉ោងរវាងប្រមុខការទូតកម្ពុជា និងអង្គទូតនានា ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ថៃបើកការឈ្លានពានមកកម្ពុជា ដោយគ្រោងទុកជាមុន និងដោយចេតនា បើកការបាញ់ប្រហារមកលើទាហានកម្ពុជាមុន និងរំលោភចូលមកក្នុងអធិបតេយ្យភាពកម្ពុជា ដោយផ្តើមចេញពីការដើរខុសតម្រុយផ្លូវជាន់មីនផ្ទុះធ្វើឱ្យរបួស។ឯកឧត្តម គង់ ភោគ បញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ថៃបានល្មើសនឹងកិច្ចព្រមព្រៀងគ្នា(MOU)២០០០ នេះចំណុចឈានដល់ការឈ្លានពានរបស់ថៃមកលើកម្ពុជាតែម្តង។ នេះមិនមែនជារឿងថ្មីទេ វាគឺជាការគិតទុកជាមុន និងដោយចេតនារបស់ថៃ។ នេះក៏ជាផែនការរបស់ថៃ តាំងតែពីដើមមកចាប់តាំងតែពីមុនថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥មកម៉្លេះ និងបានចូលមកដល់ទឹកដីកម្ពុជា និងបើកការបាញ់ប្រហារមុនបណ្តាលឲ្យទាហានយើងម្នាក់ស្លាប់។
បញ្ហាការឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ឯកឧត្តម គង់ ភោគ បានលើកឡើងថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រាប់អង្គទូតថា ភាគីថៃបានប្រើសព្វាវុធធុនធ្ងន់ធំដូចជាយន្តហោះF-16 ផ្ទុយពីច្បាប់និងជាពិសេសការប្រើប្រាស់គ្រាប់បែកចង្កោមដែលជាទង្វើផ្ទុយពីច្បាប់ហាមឃាត់៕





