ភ្នំពេញ÷លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន ខេត្តស្រះកែវរបស់ប្រទេសថៃ ហើយបន្ទាប់មកនៅវេលាម៉ោង១៥ និង១៤នាទី រសៀលថ្ងៃដដែលកងកម្លាំងរបស់ថៃបានធ្វើសកម្មភាពជាថ្មីបម្រុងនឹងយកបន្លាលួសមករាយម្តងទៀត តែត្រូវបានពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងកម្លាំងរបស់ថៃបានយកបន្លាលួសរបស់ខ្លួនត្រឡប់ទៅវិញ។
ការថ្លែងឱ្យដឹងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា ចាប់តាំងពីយប់ថ្ងៃទី២៥ រហូតដល់ព្រឹកថ្ងៃទី២៦ សីហា នេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀតបានរួមសាមគ្គីធ្វើការឆ្លើយតបដែល ស្តែងចេញពីការព្រួយបារម្ភចំពោះមុខទៅនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ហើយក៏ក្នុងគោលដៅនៃការការពារនូវអ្វីដែលពួកគាត់ចាត់ទុកថាជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រឡាញ់ទឹកដី និងការការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់។