ទី១. កិច្ចខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស ៖ ខ្ញុំយល់ថា សិស្សានុសិស្សដែលបានប្រឡងជាប់ទាំងអស់ គឺសុទ្ធតែបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្តាប់ការបង្រៀន និងការណែនាំពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងសាលារៀន និងស្វ័យសិក្សា។
ទី២. មាតាបិតា និងអាណាព្យាបាលសិស្ស ៖ មានកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីតស៊ូ ការលះបង់ក្នុងការទំនុកបម្រុងផ្ចុងផ្តើមឱ្យកូនៗរបស់ខ្លួន បានសិក្សារៀនសូត្រ នាពេលកន្លងមក ក៏បានរួមចំណែកយ៉ាងធំធេងក្នុងការធ្វើឱ្យខេត្តព្រៃវែង មានភាពលេចធ្លោ។ ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមាតាបិតា និងអាណាព្យាបាលគ្រប់រូប ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបណ្តុះបណ្តាល និងបង្កើនធនធានមនុស្ស ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទី៣. កត្តាសាលារៀន និងលោកគ្រូ អ្នកគ្រូ ៖ ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូពិសេសគណៈគ្រប់គ្រងសាលា ទាំងទៅលើបច្ចេកទេសគរុកោសល្យក្នុងការផ្ទេរចំណេះដឹង និងការដាក់ចេញនូវគោលការណ៍វិន័យផ្សេងៗ គឺជាចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពសិក្សារបស់សិស្សានុសិស្ស និងធ្វើឱ្យខេត្តព្រៃវែង ទទួលបានកិត្តិយសយ៉ាងធំធេង ស្ថិតក្នុងលំដាប់ថ្នាក់ខ្ពស់ដែលមានភាគរយសិស្សប្រឡងជាប់ខ្ពស់ នៅទូទាំងប្រទេស។ នេះគឺជាមោទកភាពមួយសម្រាប់អ្នកខេត្តព្រៃវែង។
ទី៤. កិច្ចសហការប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលក្នុងនោះរួមមាន ៖ ថ្នាក់ដឹកនាំនិងមន្ត្រីនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ទី៥. កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ៖ ការរក្សាបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាកត្តាមួយដ៏មានសារៈសំខាន់ផងដែរ ដែលមិនគួរត្រូវបានមើលរំលង នៅពេលនិយាយទៅដល់លទ្ធផលជោគជ័យនៃវិស័យអ្វីមួយ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ។ ដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ទើបធ្វើឱ្យកម្ពុជា មានឱកាសពេញលេញក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មលើគ្រប់វិស័យ ក្នុងនោះមានទាំងវិស័យអប់រំផងដែរ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថលនេះ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏សូមចូលរួមសោកស្តាយជាមួយមាតាបិតា និងអាណាព្យាបាលសិស្ស ពិសេសសិស្សានុសិស្ស ដែលមិនបានប្រឡងជាប់ទាំងអស់ និងសូមលើកទឹកចិត្តឱ្យក្មួយៗខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីប្រឡងនៅឆ្នាំសិក្សាបន្ទាប់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមបញ្ជាក់ជូនក្មួយៗថា បើទោះបីជាក្មួយៗមិនបានប្រឡងជាប់ក្តី ក៏មិនមែនមានន័យថា ក្មួយៗមិនអាចទទួលជោគជ័យនៅក្នុងដំណើរជីវិតនោះដែរ។ ជាក់ស្តែងមានមនុស្សជាច្រើន ដែលបានសាងភាពល្បីល្បាញ ក៏ដូចជាកេរ្តិ៍ឈ្មោះទាំងដែលខ្លួនគេមិនបានប្រឡងជាប់។
ក្នុងន័យនេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមលើកទឹកចិត្តឱ្យក្មួយៗ ដែលមិនបានប្រឡងជាប់ទាំងអស់ បើសិនជាមិនចង់សិក្សាឡើងវិញនៅថ្នាក់ទី១២ នៅឆ្នាំសិក្សាថ្មីខាងមុខនេះទេ ក្មួយៗអាចចុះឈ្មោះ ឬប្រឡងចូលរៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗ ដែលមិនមានតម្រូវការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬក៏ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាល បានរៀបចំតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬចូលរៀនថ្នាក់បរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានសិក្សានានា និងចុះឈ្មោះជាសិស្សស្វ័យរិន ដើម្បីបន្តប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំបន្តបន្ទាប់ ក៏បាន។
ចុងបញ្ចប់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សូមជូនពរដល់ក្មួយៗទាំងអស់ មានសុខភាពល្អ កម្លាំងពលំមាំមួន និងបន្តទទួលបានជោគជ័យ ទាំងក្នុងវិថីនៃការសិក្សា និងការងារ៕