គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី

ភ្នំពេញ÷សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៩ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្នុងការត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី របស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នាពាក់កណ្តាលខែកញ្ញានេះ។

នៅក្នុងកិច្ចប្រជុំនេះ មានវត្តមាន ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈប្រតិភូដែលត្រូវចូលរួមមហាសនិ្នបាត នៅក្នុងគណៈកម្មការនានា មានគណៈកម្មការនយោបាយ គណៈកម្មការសេដ្ឋកិច្ច គណៈកម្មការសង្គមកិច្ច គណៈកម្មការបូកសរុប គណៈកម្មការរៀបចំ គណៈប្រតិភូចូលរួមកិច្ចប្រជុំសមាជិកសភាស្រ្តី កិច្ចប្រជុំសមាជិកសភាវ័យក្មេង ជាដើម បានអញ្ជើញឡើងរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារនានាដូចជា ការរៀបចំឯកសារ និងការពិនិត្យលើសេចក្តីព្រាងខ្លឹមសារដែលនឹងត្រូវប្រជុំពិភាក្សា នៅក្នុងពេលមហាសន្និបាត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលការងារដែលអគ្គលេខាធិការដ្ឋានសម្រេចបានរហូតមកដល់ពេលនេះ ទំាងការងារខ្លឹមសារ ទំនាក់ទំនងជាមួយលេខាធិការដ្ឋានអាយប៉ា និងសភាម្ចាស់ផ្ទះ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសនិ្នបាត របស់គណៈប្រតិភូសភាកម្ពុជា ដំណើរការទៅដោយរលូន នាំមកនូវជោគជ័យជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមគោលការណ៍ការទូតកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសមាជិកសមាជិកាសភា ក៏ដូចជាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានបំពេញការងារយ៉ាងសកម្ម និងបានត្រៀមលក្ខណៈបានល្អប្រសើរទំាងខ្លឹមសារ ការងារពាក់ព័ន្ធសំខាន់ៗ និងសមាសភាពចូលរួម ដែលរហូតដល់ពេលនេះ សម្រេចបានលទ្ធផលស្ទើរទំាងអស់។ សម្តេចមានជំនឿមុតមាំថាការចូលរួមរបស់គណៈប្រតិភូសភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ា៤៦នេះ នឹងនាំមកនូវលទ្ធផលជូនជាតិនិងពលរដ្ឋ ជាពិសេសចូលរួមលើកកម្ពស់សុខសន្តិភាព ជូនពលរដ្ឋក្នុងតំបន់ ស្របតាមនយោបាយការទូតរបស់កម្ពុជា។
សូមជម្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA ) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

មហាសន្និបាតអាយប៉ាតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់មួយនៅក្នុងតំបន់ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ ស្វែងរកយុទ្ធសាស្រ្តនិងគន្លឹះនានាដើម្បីរួមចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ាន ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ តាមរយៈជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល ។

វត្តមានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជានៅក្នុងមហាសន្និបាតនេះមិនត្រឹមជាការរួមចំណែកពង្រឹងយន្តការសភា និងលើកកម្ពស់គោលការណ៍ពហុនិយមប៉ុណ្ណោះទេ តែក៏ជាឱកាសដែលសភាកម្ពុជាពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ជាមួយបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានាដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋទំាងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ និងទេសចរណ៍ ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនទំាងក្នុងតំបន់និងសកលលោក ផងដែរ៕
Post a Comment (0)
Previous Post Next Post

sponser

 

Social