ខេត្តបាត់ដំបង÷ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់ និងហួសចិត្តមួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបង្កឡើងដោយរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បានបើកទាក់ខ្សែកាប បណ្តាលឱ្យធ្លាក់មកទាក់កប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ដែលកំពុងធ្វើដំណើរលើដងផ្លូវ ធ្វើឱ្យរងរបួសយ៉ាងដំណំ។
អ្វីដែលធ្វើឱ្យមជ្ឈដ្ឋានទូទៅ និងជនរងគ្រោះក្តៅក្រហាយបំផុតនោះ មិនមែនត្រឹមតែជារបួសរាងកាយនោះទេ តែគឺជា «របួសផ្លូវចិត្ត» ដែលកើតចេញពីភាពព្រងើយកន្តើយ និងការដោះដៃយ៉ាងមុខក្រាស់របស់ក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីឈ្មោះមួយនេះ។ ជំនួសឱ្យការចេញមុខទទួលខុសត្រូវ និងសុំទោសជាសាធារណៈចំពោះកំហុសរបស់ខ្លួន ក្រុមហ៊ុនបែរជាបញ្ជូនតំណាងក្រុមហ៊ុនធានារ៉ាប់រងឱ្យមកលេងល្បែងពាក្យសម្តី រុញការទទួលខុសត្រូវឱ្យជនរងគ្រោះទៅប្តឹងក្រុមហ៊ុនខ្សែកាបទៅវិញ ទាំងដែលភស្តុតាងជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់។ចំណុចរសើបបំផុតនៅក្នុងករណីនេះ គឺការចោទប្រកាន់ថា រថយន្តរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ បាននឹងកំពុងផ្គើននឹងសេចក្តីណែនាំ ឬបទបញ្ជារបស់សាលាក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍រថយន្តធុនធំ ឬរថយន្តដឹកជញ្ជូនក្នុងតំបន់ហាមឃាត់ ឬតំបន់ដែលមានខ្សែកាបទាប។ ការបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងមិនគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន គឺជាដើមចមចម្បងដែលនាំឱ្យមានគ្រោះថ្នាក់នេះកើតឡើង។ វីដេអូឃ្លីបពីកាមេរ៉ាសុវត្ថិភាព ដែលជាភស្តុតាងមិនអាចប្រកែកបាន បានបង្ហាញយ៉ាងច្បាស់ថា រថយន្តរបស់ក្រុមហ៊ុននេះគឺជាអ្នកបង្កហេតុដោយផ្ទាល់ ក្នុងការបើកកៀរទាក់ខ្សែកាបឱ្យធ្លាក់មកបង្កគ្រោះថ្នាក់។ប្រភពបានបន្តថា// ទោះបីជាយ៉ាងណាក៏ដោយ អាកប្បកិរិយារបស់ភាគីបង្កហាក់បីដូចជាគ្មានសីលធម៌អាជីវកម្មសោះឡើយ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកយុត្តិធម៌។ ប៉ុន្តែ អ្វីដែលទទួលបានគឺការខកចិត្តយ៉ាងខ្លាំង នៅពេលដែលក្រុមហ៊ុន វីរៈប៊ុនថាំ មិនបានបញ្ជូនតំណាងដែលមានសិទ្ធិសម្រេច ឬម្ចាស់ក្រុមហ៊ុនមកដោះស្រាយដោយផ្ទាល់ បែរជាបញ្ជូនភ្នាក់ងារធានារ៉ាប់រងមកជំនួសមុខ។ លើសពីនេះ យុទ្ធសាស្ត្រដែលពួកគេប្រើប្រាស់គឺការ «បង្វែរដាន» ដោយក្រុមហ៊ុនធានារ៉ាប់រងនោះ បានជំរុញឱ្យជនរងគ្រោះទៅប្តឹងក្រុមហ៊ុនខ្សែកាប ដោយសំអាងហេតុផលដោះសារ ដើម្បីគេចវេះពីសំណង។
នេះគឺជាទង្វើដ៏អយុត្តិធម៌បំផុតចំពោះជនរងគ្រោះ ដែលត្រូវរងគ្រោះពីរជាន់៖ ទីមួយ រងរបួសកាយដោយសារការធ្វេសប្រហែសរបស់តៃកុងឡាន និងទីពីរ រងការគាបសង្កត់ផ្លូវចិត្តដោយសារប្រព័ន្ធដោះស្រាយទំនាស់ដ៏ស្មុគស្មាញរបស់ក្រុមហ៊ុន។ ការជួបចរចាចំនួនពីរលើករួចមកហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ គឺបង្ហាញឱ្យឃើញថា ក្រុមហ៊ុនហាក់ដូចជាកំពុងព្យាយាមអូសបន្លាយពេលវេលា ដើម្បីឱ្យជនរងគ្រោះអស់កម្លាំងចិត្តក្នុងការតតាំង។
ជារួមមក ទង្វើរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងករណីនេះ មិនត្រឹមតែជាការរំលោភលើសិទ្ធិរបស់ជនរងគ្រោះប៉ុណ្ណោះទេ តែវាក៏ជាការមើលស្រាលទៅលើច្បាប់ចរាចរណ៍ និងបទបញ្ជារបស់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។ ការមានវីដេអូភស្តុតាងច្បាស់លាស់ ប៉ុន្តែនៅតែព្យាយាមបដិសេធ និងរុញកំហុស គឺជាគំរូដ៏អាក្រក់បំផុតនៃវិស័យដឹកជញ្ជូនឯកជននៅក្នុងប្រទេសកម្ពុជា។ ប្រជាពលរដ្ឋមានសិទ្ធិឆ្ងល់ថា តើក្រុមហ៊ុនមួយនេះមានខ្នងបង្អែកធំប៉ុណ្ណា បានជាហ៊ានធ្វើព្រងើយកន្តើយចំពោះទុក្ខលំបាករបស់ពលរដ្ឋ និងមិនខ្លាចញញើតនឹងច្បាប់បែបនេះ?
គួររំលឹកផងដែរថា// គឺថាអនុសាសន៍ នៃករណីនេះមិនគួរត្រូវបានបញ្ចប់ត្រឹមការសម្របសម្រួលស្ងាត់ៗ ឬការអូសបន្លាយពេលនោះទេ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងសាលាក្រុង ត្រូវតែចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត។
១. ត្រូវតែមានការទទួលខុសត្រូវ៖ ម្ចាស់ក្រុមហ៊ុន ឬអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់ វីរៈប៊ុនថាំ ត្រូវតែចេញមុខមកដោះស្រាយដោយផ្ទាល់ មិនមែនពឹងលើក្រុមហ៊ុនធានារ៉ាប់រងដែលព្យាយាមតែគេចវេះនោះទេ។
២. ការផាកពិន័យ និងដាក់ទណ្ឌកម្ម៖ ប្រសិនបើរកឃើញថាមានការបំពានលើសារាចរណ៍ណែនាំរបស់សាលាក្រុងមែន ត្រូវតែមានការផាកពិន័យធ្ងន់ធ្ងរ ឬផ្អាកអាជ្ញាបណ្ណធ្វើអាជីវកម្មក្នុងតំបន់នោះជាបណ្តោះអាសន្ន ដើម្បីជាការព្រមាន។
៣. យុត្តិធម៌សម្រាប់ជនរងគ្រោះ៖ សំណងដែលសមរម្យសម្រាប់ការព្យាបាល និងការខាតបង់ពេលវេលា ព្រមទាំងការសងជំងឺចិត្ត ត្រូវតែផ្តល់ជូនជនរងគ្រោះជាបន្ទាន់ ដោយមិនចាំបាច់មានការលេងល្បែងបោះបាល់ដាក់គ្នា។ នេះគឺជាមេរៀនមួយដែលបង្ហាញថា ក្រុមហ៊ុនឯកជន ទោះបីធំប៉ុណ្ណាក៏ដោយ មិនគួរនៅពីលើច្បាប់ ឬយកជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋធ្វើជាសំណើចនោះឡើយ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕










