គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំងរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦

ភ្នំពេញ ÷នៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង សហការជាមួយអាជ្ញាធរទីក្រុង Lognes និងសមាគមន៍យុវជនខ្មែរនៅបារាំង បានរៀបចំពិធីអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ យ៉ាងអធិកអធម នៅសាល Citoyen ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អាជ្ញាធរមូលដ្ឋានបារាំង តំណាងរាស្ត្រ និងសហគមន៍ខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសបារាំង និងវត្តមានឥស្សរជនសំខាន់ៗ រួមមាន លោក Vincent Éblé លោក Thomas Lam ឯកឧត្តម Long Kosal ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការយូណេស្កូ ព្រមទាំងអភិបាលក្រុងនានា ដូចជា Lognes, Bussy-Saint-Georges, Noisiel និង Croissy-Beaubourg ផងដែរ។
លោក Nicolas Delaunay អភិបាលក្រុង Lognes បានថ្លែងសុន្ទរកថាស្វាគមន៍ ដោយបញ្ជាក់ពីការគាំទ្រដ៏រឹងមាំរបស់អាជ្ញាធរបារាំងចំពោះសហគមន៍ខ្មែរ និងការលើកកម្ពស់វប្បធម៌ចម្រុះ​នៅ​ក្នុងអភិបាលកិច្ចរប​ស់លោក។

ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាបានបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីខ្មែរ គឺជាបេះដូងនៃវប្បធម៌ខ្មែរ ដែលសហគមន៍ខ្មែរតែងតែប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីជាពួកគាត់រស់​នៅ​ឆ្ងាយ​ពី​មាតុភូមិកម្ពុជាក៏ដោយ។ ឯកឧត្តម បានលើកសរសើរចំពោះការចូលរួមយ៉ាងច្រើនកុះកររបស់សហគមន៍ខ្មែរ ដែលបង្ហាញពីភាពរឹងមាំនៃអត្តសញ្ញាណ និងសាមគ្គីភាពជាតិ។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរទីក្រុង Lognes ដែលតែងតែបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដែលបានក្លាយជាឱកាសនៃការជួបជុំវប្បធម៌ដ៏​​សំខាន់។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងពីការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា–បារាំង ដែលកំពុងឈានទៅរកកម្រិត “ដៃគូយុទ្ធសាស្ត្រ” តាមរយៈកិច្ចពិគ្រោះយោបល់នយោបាយ ការប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។
ឯកឧត្តមឯកអគ្គរាជទូតបានរំលឹកពីដំណើរទស្សនកិច្ចសំខាន់ៗ រួមមាន ព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅប្រទេសបារាំង កាលពីឆ្នាំ២០២៣ និងទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅបារាំងកាលពីឆ្នាំ២០២៤ ជាពិសេស ក្នុងសប្ដាហ៍ដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល One Health Summit នៅទីក្រុង Lyon កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ​ និងបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée ដែលបានបញ្ជាក់សាជាថ្មីពីការប្រកាន់ដ៏រឹងមាំនូវគោលការណ៍អធិបតេយ្យភាព និងបូរណភាពទឹកដី និងការគាំទ្ររួមលើពហុភាគីនិយម ច្បាប់អន្តរជាតិ និងសន្តិភាពពិភពលោក។

ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់ពីទស្សនៈវិស័យនៃទំនាក់ទំនងទ្វេភាគីដែលមានទិសដៅច្បាស់លាស់ ជាមួយនឹងការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាការរំពឹងទុកអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងទៅកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ។​ ទស្សនកិច្ចនេះត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ប​ន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Charles de Gaulle នៅឆ្នាំ១៩៦៦។

នៅក្នុងព្រឹត្តិការណ៍នេះ សមាគម៍ទេពមនោរម្យ​បានបង្ហាញពី “របាំជូនពរ” ដែលជារបាំប្រពៃណីនាំមកនូវសេចក្តីសុខ និងសំណាងល្អ និង “របាំព្រលឹងអង្គរ” ដែលបង្ហាញពីអរិយធម៌អង្គរ និងសារសន្តិភាព។ ការសម្តែងនេះបានទាក់ទាញការចាប់អារម្មណ៍ និងការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។

ភ្ញៀវកិត្តិយសទាំងអស់បានរីករាយជាមួយអាហារប៊ូហ្វេម្ហូបខ្មែរ ការជួបជុំសន្ទនា និងការរាំលេងកម្សាន្ត ប្រកបដោយបរិយាកាសសប្បាយរីករាយ និងកក់ក្តៅ។

Post a Comment (0)
Previous Post Next Post

sponser

 

Social