ភ្នំពេញ៖ ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់បង្ក្រាប ទីតាំងសង្ស័យមួយកន្លែង ដែលមានបង្កប់ការប្រពឹ្រត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្ថិតនៅទីតាំងខុនដូ ភ្នំពេញកាឡាក់ស៊ីហ្គាដេន ស្ថិតក្នុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនឃាត់ខ្លួនមនុស្សចំនួន ២១៨នាក់ និងសម្ភារៈជាវត្ថុតាងជាច្រើនទៀត។ ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រោមការបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ក្នុងចំណោមជនបរទេសសរុប ២១៨នាក់នោះ មានស្រី្ត ១០នាក់ មាន ០៦ សញ្ជាតិ គឺជនជាតិចិនចំនួន ៩៣ នាក់, បង់ក្លាដេស ៩១ នាក់, វៀតណាម ១៧ នាក់, ជនជាតិឥណ្ឌា ១១ នាក់, ជប៉ុន ៥ នាក់ និងជនជាតិឡាវ ១ នាក់។ ក្នុងនោះមានមនុស្ស ១១៤ នាក់ ពុំមានលិខិតឆ្លងដែនជាប់ខ្លួនឡើយ។ ជាមួយគ្នានេះ ក្រុមការងារបានដកហូតវត្ថុតាងកុំព្យូទ័រ All in one ១៣៣គ្រឿង, កុំព្យូទ័រយូរដៃ៤៤គ្រឿង, ទូរសព្ទដៃ ៣៩២ គ្រឿង, Monitor ១៦គ្រឿង, CPU ១៥គ្រឿង, Tablet ៥គ្រឿង, មួកនគរបាលជប៉ុន ២ មួក, អាវនគរបាលជប៉ុន ៥អាវ និងកាតនគរបាលជប៉ុន៤ សន្លឹក។
យោងតាមការធ្វើកោសលវិច័យលើវត្ថុតាងឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចជំនាញបានសន្និដ្ឋានបានថា ទីតាំងខាងលើមានជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅឆបោកជនជាតិជប៉ុន, និងការឆបោកក្រោមរូបភាព លួងលោមស្នេហា និងក្រោមរូបភាពវិនិយោគ ដែលមាន គោលដៅទៅប្រទេសចិន, ឥណ្ឌា, ប៉ាគីស្ថាន, បង់ក្លាដេស និង វៀតណាម។បច្ចុប្បន្ន ជនសង្ស័យបរទេសទាំង ២១៨ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន ៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦។
តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺ៖ ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា, ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ, និង ៥- ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះ បានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់រហូតដល់ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕
ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.












