គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហាខាងមុខ

ខេត្តកណ្តាល ÷អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ 4F ក្រុងតាខ្មៅ ខេត្ដកណ្ដាល នឹងបើកការហោះហើរសាកល្បង ប្រភេទយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ និងយន្ដហោះខ្នាតធំ២ទៀត នៅដើមខែក្រោយ ខណៈដែលនឹងបើកដំណើរកា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក ក្នុងពិធីរំកិល «ព្រះពុទ្ធបដិមា» កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន សម្រាប់តម្កល់ ក្នុងបរិវេណ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល បានប្រាប់ អ្នកសារព័ត៌មានថា អាកាសយានដ្ឋាន កំពុងត្រៀមខ្លួន ដើម្បីធ្វើតេស្ដ ដោយប្រើយន្ដហោះខ្នាតធំ A320 នៅថ្ងៃទី១៥ ខែសីហានេះ ហើយនឹងមានការធ្វើតេស្ដយន្តហោះធំមួយទៀត ដោយយកយន្ដហោះខ្នាតធំ ចំនួន២ គឺយន្ដហោះ Singapore Airline និង Air Cambodia នៅដើមខែកញ្ញា។

ទន្ទឹមគ្នានេះ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចុះហត្ថលេខាកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ (Airlines) ចំនួន២ទៀត រួចរាល់ហើយ ដែលត្រៀមចូលរួម ដើម្បីហោះហើរនៅក្នុងចន្លោះខែកញ្ញា ឬខែតុលា ខាងមុខនេះ។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ មានការធ្វើតេស្ដសាកល្បង ចំនួន២ដងរួចមកហើយ ជាលក្ខណៈបច្ចេកទេស ហើយខាងអាកាសចរស៊ីវិល ក៏បានទទួលស្គាល់ និងបានចេញអាជ្ញាបណ្ណផងដែរ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា គិតមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការសាងសង់បាន១០០% ទាំងប្រព័ន្ធបច្ចេកវិទ្យា ទាំងការគ្រប់គ្រង ខណៈព្រលានថ្មីនេះ គ្រោងបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។ ក្រុមហ៊ុនហោះហើរ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានត្រៀមរៀបចំរួចរាល់ហើយ ក្នុងការផ្ទេរមកអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលវិញ្ញាបនបត្រអាកាសយានដ្ឋាន ពីអាកាសចរណ៍ស៊ីវិលកម្ពុជា ត្រៀមរួចរាល់ សម្រាប់បើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយអាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរ មិនក្រោម១,០០០នាក់នោះទេ។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕ ដោយ៖  រ៉ាត់ សុវណ្ណ


Post a Comment (0)
Previous Post Next Post

sponser

 

Social