ឯកឧត្តមបានលើកឡើងពីការលើកកម្ពស់ការដាក់បញ្ចូល និងអក្ខរកម្មឌីជីថល ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ស្ត្រី និងអ្នកដែលនៅតំបន់ជនបទ អាចចូលប្រើប្រើប្រាស់ និងបង្កើតតម្លៃតាមរយៈឧបករណ៍ឌីជីថល ដោយមិនទុកនរណាម្នាក់ឱ្យនៅខាងក្រោយក្នុងការផ្លាស់ប្តូរឌីជីថលឡើយ។
ក្រៅពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងបន្ថែមពីការលើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយកសាងលើសមិទ្ធផលជាតិថ្មីៗក្នុងការត្រួតពិនិត្យបទប្បញ្ញត្តិ ខ្សែកាបអុបទិកក្រោមដី និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទំនើប ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការរីកចម្រើន។ទន្ទឹមនេះ ពង្រឹងយុវជនជាអ្នកដឹកនាំឌីជីថល តាមរយៈគំនិតផ្តួចផ្តើមដូចជា Youth IGF ដែលទើបនឹងបង្កើតថ្មី ដោយធានាថាមនុស្សជំនាន់ក្រោយគឺជាស្ថាបត្យករនៃគោលនយោបាយឌីជីថលដែលនឹងកំណត់អនាគតរបស់ពួកគេ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការចូលរួមពិភាក្សា និងផ្លាស់ប្តូរទស្សនៈឱ្យបានផុលផុស សម្រាប់ជាទុនក្នុងការកសាងអនាគតឌីជីថលរួមគ្នា ជាពិសេស យកឱកាសនេះបង្កើតបណ្តាញទំនាក់ទំនង និងកសាងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅនិងទូលំទូលាយបន្ថែមទៀត ដើម្បីរួមគ្នាសម្រេចសមិទ្ធផលបន្ថែមទៀតជូនជាតិ និងប្រជាជនរបស់ខ្លួន។
សូមបញ្ជាក់ថា វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អង្គការយូណេស្កូ (UNESCO) អង្គការ Open Development Cambodia (ODC) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដោយផ្តោតជាពិសេសសម្រាប់កំណើន និងស្ថិរភាពរបស់ប្រទេសយើង រួមមានដូចជា៖ សុវត្ថិភាពអនឡាញក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) -ការតភ្ជាប់អ៊ីនធឺណិតជាសកល និងប្រកបដោយអត្ថន័យ -ការពង្រឹងសមត្ថភាពយុវជនសម្រាប់អនាគតឌីជីថល៕ ផ្សាយ៖ កន ចំណាន






