គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថា វឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា រយៈពេលពីរទសវត្សរ៍កន្លងមកនេះ មានភាពល្អប្រសើរ និងប្រកបដោយចីរភាព

ភ្នំពេញ÷ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានធ្វើការកត់សម្គាល់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជា នៅអំឡុងពេលពីរទសវត្សរ៍កន្លងមកនេះ ដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ការកត់សម្គាល់របស់លោកស្រី Vladanka Andreeva ធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ដោយលោកស្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំនៅកម្ពុជា តាមរយៈការរៀបចំសិស្សឱ្យរួចរាល់សម្រាប់ទទួលយកការអប់រំ ការបង្កើតបរិយាកាសអំណោយផលសម្រាប់ការរៀនសូត្រ និងការបន្តផ្តល់ឱកាសអភិវឌ្ឍន៍សមត្ថភាពកាន់តែច្រើនសម្រាប់យុវជន។
ជាមួយនេះដែរ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជារូបនេះបានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និងអាទិភាពថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តគាំទ្រកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ក៏ដូចជាចក្ខុវិស័យអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍លោកស្រី Vladanka Andreeva ចំពោះការវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទីពីរក្នុងតួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងបានលើកឡើងពីវឌ្ឍនភាពកំណែទម្រង់ការអប់រំ និងអាទិភាពថ្មីដែលក្រសួង បាន និងកំពុងផ្តោតការយកចិត្តទុកដាក់រួមមាន៖ ការលើកកម្ពស់ការអប់រំកុមារតូច, កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍,ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី (NGS) កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល, ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM), ការលើកកម្ពស់សុខភាពសិក្សា, ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១ កំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ "ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌"។ ឯកឧត្តមបានសាទរចំពោះលោកស្រី Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយបានដាក់ការរំពឹងទុកថា ក្រោមការដឹកនាំសម្របសម្រួលរបស់លោកស្រីនឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអង្គការសហប្រជាជាតិកាន់តែរីកចម្រើន ជាពិសេសនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡា កាន់តែច្រើនបន្ថែមទៀត៕ ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)

Post a Comment (0)
Previous Post Next Post

sponser

 

Social