ភ្នំពេញ÷ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាក្រុមអន្តរក្រសួងសម្រាប់កំណត់រូបមន្ត កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បានឱ្យដឹងថា ក្រុមជំនាញចម្រុះអន្តរក្រសួងនឹងចុះត្រួត ពិនិត្យមើលស្ថានភាពជាក់ស្តែងចំពោះស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានបិទអាជីវកម្ម ក្រោយហេតុផលស្តុក ផ្គត់ផ្គង់ ក្នុងប្រតិបត្តិការអាជីវកម្ម។
ការដាក់មន្ត្រីជំនាញចុះពិនិត្យនេះ បន្ទាប់ពីមានស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈ ជិត២.០០០ កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ថ្លែងក្នុងបទអន្តរាគមន៍ក្នុងសិក្ខាសាលាស្តីពី«ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រ អភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» ដែលរៀបចំឡើង ដោយរដ្ឋសភា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល បានឱ្យដឹងថា នៅទូទាំងប្រទេស កម្ពុជា មានស្ថានីយ៍ប្រេងឥន្ធនៈប្រតិបត្តិការអាជីវកម្មជាង៦.៣០០កន្លែង ប៉ុន្តែគិតត្រឹមយប់ថ្ងៃទី១១ ខែ មីនា ឆ្នាំ២០២៦ មានស្ថានីយ៍ ដេប៉ូ និងអនុស្ថានីយ៍ប្រតិបត្តិការលក់រាយប្រេងឥន្ធនៈជិត២.០០០កន្លែង បានបិទទ្វារបណ្ដោះអាសន្ន ក្រោមហេតុផលអស់ស្តុក។ ក្នុងចំណោមស្ថានីយ៍ដែលបានបិទទ្វារនេះ ត្រូវបានសង្ស័យថា ម្ចាស់ស្ថានីយ៍រក្សាស្តុកទុក ដើម្បីលក់នៅពេលឡើងថ្លៃខ្លាំង។
លោកជំទាវ បានថ្លែងថា «យើងមានមន្ត្រីជំនាញចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែង។ ក្នុងករណីរក ឃើញមានប្រេងឥន្ធនៈស្តុកទុក មិនបញ្ចេញលក់ឱ្យប្រជាពលរដ្ឋ នឹងរងការពិន័យ និងបិទអាជ្ញាប័ណ្ណ អាជីវកម្មទាំងស្រុង។ ប៉ុន្តែបើក្នុងករណីរកឃើញអស់ស្តុកមែន រដ្ឋនឹងអន្តរាគមន៍ជាមួយវិស័យឯកជន ដែលនាំចូលប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់លើប្រតិបត្តិការអាជីវកម្ម»។ បើតាមការបង្ហើបរបស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, តម្លៃប្រេងឥន្ធនៈក្នុងប៉ុន្មានថ្ងៃខាងមុខទៀត នេះ នឹងមានការធ្លាក់ឡើងវិញ បន្ទាប់ពីមានសញ្ញាណល្អនៃតម្លៃលក់រាយនៅម៉ោងទៀបភ្លឺថ្ងៃទី១២ ខែមីនា នេះ។
![]() |







