ភ្នំពេញ÷នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូនៃក្រុមហ៊ុន Pengbo Group ដឹកនាំដោយ លោក Liu Peng អគ្កនាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីគោរពជម្រាបអំពីបច្ចុប្បន្នភាពនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា និងផែនការវិនិយោគក្នុងជំហានបន្តបន្ទាប់នាពេលអនាគត។
ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ លោក Liu Peng អគ្គនាយកក្រុមហ៊ុន Pengbo Group បានសម្តែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវលាដ៏មានតម្លៃអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ និងបានជម្រាបជូនអំពីបច្ចុប្បន្នភាព និងវឌ្ឍនភាពជាវិជ្ជមាននៃសកម្មភាពអាជីវកម្ម និងគម្រោងផែនការវិនិយោគជាបន្តបន្ទាប់របស់ខ្លួន ដែលកំពុងដំណើរការដោយរលូននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោក Liu Peng និងគណៈប្រតិភូក្រុមហ៊ុន Pengbo Group និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តវិនិយោគ ដែលជាការរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ឯកឧត្តម បានគូសបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន ព្រមទាំងបានបញ្ជាក់ជាថ្មីនូវជំហររបស់ ក.អ.ក. លើកិច្ចសម្របសម្រួល និងផ្តល់សេវាគាំទ្រគ្រប់បែបយ៉ាងដល់វិនិយោគិនទាំងអស់ ធានាធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្ម និងការវិនិយោគនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានផ្លែផ្កាខ្ពស់បំផុត។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចចម្បងរបស់វិនិយោគិន ក្នុងការចូលរួមថែរក្សានិងការពារបរិស្ថាន នៅតាមបណ្តាទីតាំងដែលខ្លួនទទួលបានសិទ្ធិវិនិយោគ ដោយចាត់ទុកការអភិវឌ្ឍបៃតងនិងប្រកបដោយចីរភាព គឺជាអ្វីដែលមិនអាចខ្វះបាន។ ជាការឆ្លើយតប លោកអគ្គនាយកក្រុមហ៊ុន បានសម្តែងនូវការឯកភាពយ៉ាងពេញទំហឹង និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរពតាមបទប្បញ្ញត្តិបរិស្ថានជាធរមាន ដោយលោកបានលើកឡើងថា ក្រុមហ៊ុននឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សា ការពារ និងលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងទីតាំងដែលខ្លួនកំពុងវិនិយោគ ដោយក្តីស្រឡាញ់ និងការទទួលខុសត្រូវខ្ពស់បំផុត ប្រៀបបាននឹងការថែទាំលំនៅស្ថានផ្ទាល់ខ្លួនរបស់ខ្លួនដូច្នោះដែរ។ភាគីទាំងពីរបានបង្ហាញពីឆន្ទៈដ៏មាំទាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីប្រែក្លាយផែនការវិនិយោគជំហានបន្តបន្ទាប់ ឱ្យលេចចេញជារូបរាងឡើង សំដៅចូលរួមចំណែកបង្កើតឱកាសការងារ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត៕ ដោយ៖ កន ចំណាន






