ភ្នំពេញ÷ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងផែនការសកម្មភាព៣ឆ្នាំ នៃគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ និងសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥។ កិច្ចប្រជុំនេះទទួលបានការគាំទ្រពីអង្គការជំនួយរបស់ប្រជាពលរដ្ឋន័រវែស (Norwegian People’s Aid - NPA)។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំផែនការសកម្មភាព៣ឆ្នាំ ដែលជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់បម្លែងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងអាចវាស់វែងលទ្ធផលបាន។ឯកឧត្តមបានបញ្ជាក់ថា ផែនការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការឆ្លើយតប និងគាំទ្រដល់បេសកកម្មមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដែលបង្កឡើងដោយមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់សុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារមីន។![]() |







