ភ្នំពេញ÷ ពីទីក្រុងហ្សឺណែវការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) បានឱ្យដឹងថា អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)នឹងធ្វើទស្សនកិច្ចជាផ្លូវការ នៅកម្ពុជាចាប់ពីថ្ងៃទី ២០ ខែកក្កដាដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៦។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោក អេនឌ្រូ នឹងវាយតម្លៃ អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រួមទាំងបញ្ហាពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជម្លោះព្រំដែន សេរីភាពបញ្ចេញមតិ សេរីភាពបង្កើត សមាគម និងការជួបប្រជុំដោយសន្តិវិធី ព្រមទាំងសិទ្ធិរបស់ក្រុម ជនដែលសិ្ថតនៅក្នុងស្ថានភាពងាយរងគ្រោះ។អ្នករាយការណ៍ពិសេសនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាល អាជ្ញាធរ មូលដ្ឋាន តំណាងសង្គមស៊ីវិល ជនរងគ្រោះ អ្នករស់រានមានជីវិតពីការរំលោភបំពាន ព្រមទាំងភាគីពាក់ព័ន្ធនានាផ្សេងទៀត។ លោកក៏នឹង ធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្ត សៀមរាប។សន្និសីទសារព័ត៌មានមួយនឹងរៀបចំឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ នាវេលាម៉ោង ១៤:៣០នាទីរសៀលម៉ោងនៅក្នុងប្រទេស កម្ពុជានៅសណ្ឋាគារ និងអាផាតមិន ហ៊ីម៉ាវ៉ារី (Himawari Hotel Apartment) ដែលមានទីតាំងនៅផ្លូវលេខ ៣១៣ តីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ។ ការចូលរួមនេះសម្រាប់តែអ្នកសារព័ត៌មានដែលមានការទទួលស្គាល់។ ដើម្បីចុះឈ្មោះចូលរួម សូមទំនាក់ទំនងមក លោកហាម៉ាដ អាហ្វម៉ាដ (Hammad Ahmad) តាមរយៈអ៊ីមែល: hammad.ahmad@un.org ។ប្រភពដដែលបញ្ជាក់ថាអ្នករាយការណ៍ពិសេសនឹងបង្ហាញនូវរបាយការណ៍ទស្សនកិច្ចរបស់លោកដល់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅខែតុលា ឆ្នាំ ២០២៦ ។ គួរបញ្ជាក់ថា លោក Tom Andrews ត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិតែងតាំងឱ្យក្លាយជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ៕ ដោយ៖ ក្រុមការងារMoINFO APP





