ខណ្ឌមានជ័យ÷នៅថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ ស្តីពី «ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ» ដល់ម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងស្នាក់នៅប្រមូលផ្តុំ ក្នុងសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ណែនាំ និងបង្កើនការយល់ដឹងអំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ម្ចាស់ទីតាំង និងអ្នកពាក់ព័ន្ធ ក្នុងការចូលរួមគ្រប់គ្រង ថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមាននៅតាមទីតាំងរស់នៅប្រមូលផ្តុំ។កិច្ចប្រជុំនេះមានការចូលរួមពីម្ចាស់ និងអ្នកគ្រប់គ្រង ខុនដូ អាផាតមិន បុរី សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល ផ្ទះជួល និងទីតាំងស្នាក់នៅប្រមូលផ្តុំផ្សេងៗទៀត ដែលស្ថិតក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។
![]() |
ក្នុងឱកាសនោះ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ទីតាំង និងអ្នកគ្រប់គ្រងទីតាំងស្នាក់នៅនានា ឱ្យបន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តតាមបទប្បញ្ញត្តិដែលបានកំណត់ ពង្រឹងការយកចិត្តទុកដាក់លើការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ព្រមទាំងផ្តល់ព័ត៌មានពាក់ព័ន្ធនានា ដើម្បីរួមគ្នាបង្កើតបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាព សុខសាន្ត និងមានសណ្តាប់ធ្នាប់ល្អ។
![]() |
![]() |
យោងតាមអនុក្រឹត្យ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ: ០៣០/៤៦សជណអ ចុះថ្ងៃសុក្រ ៣កើត ខែ ទុតិយាសាធ ខែឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ !
![]() |
👉ការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់ ក្នុងរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកពង្រឹងការផ្តល់សេវារដ្ឋបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធ គណនេយ្យភាព តម្លាភាព ឆាប់រហ័ស និងកាន់តែកៀកជិតប្រជាពលរដ្ឋ និងធុរជន សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានលើគ្រប់វិស័យ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ បានផ្តល់សេវារដ្ឋបាលជាច្រើនប្រភេទតាមយន្តការច្រកចេញចូលតែមួយ នៅតាមកម្រិតរដ្ឋបាលនីមួយៗ រៗ ក្នុងនោះ ក៏មានការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលដី/ផ្ទះ/តូប/យានជំនិះ និង លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ ផងដែរ នៅសាលាសង្កាត់ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅពុំទាន់ បានដឹងជ្រួតជ្រាបទូលំទូលាយអំពីការផ្តល់សេវាលិខិតបញ្ជាក់ប្រភេទនេះនៅឡើយទេ។
ក្នុងន័យនេះ ដើម្បីពង្រឹងការផ្តល់សេវា និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសេវាខាងលើ រដ្ឋបាល រាជធានីភ្នំពេញ សូមជូនដំណឹង និងណែនាំបងប្អូនប្រជាពលរដ្ឋដែលមានកិច្ចសន្យាជួលអចលនវត្ថុ (ដី/ផ្ទះ/អគារ/សំណង់/ឃ្លាំង ជាដើម) ឬ មានផ្ទះជួលបន្ទប់ស្នាក់នៅ ហើយមានបំណងចង់បញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ ឬ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅនេះ សូមអញ្ជើញទៅទទួលសេវាបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិត បញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅទីតាំងសាលាសង្កាត់ដែលអចលនវត្ថុស្ថិតនៅ ស្របតាមគោលការណ៍ បែបបទ និង នីតិវិធីដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន រៀងរាល់ម៉ោងធ្វើការ។
ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ និងមន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
















