ភ្នំពេញ÷ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី៧ ខែ សីហា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានកត់សម្គាល់ឃើញថាតួលេខនៃពលរដ្ឋភៀសសឹក និងពលរដ្ឋវិលត្រឡប់ទៅលំនៅឋានវិញ ដែលរំលេចក្នុងសេចក្ដីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេស ដោយ បង្ហាញថា ជនស៊ីវិលកម្ពុជាប្រមាណ៦៥ម៉ឺននាក់ បានភៀសសឹក នៅតាមតំបន់ព្រំដែននាចុងឆ្នាំមុន។
ប្រភពដដែល បានបន្តថា ក្នុងនោះជាង២ម៉ឺននាក់ ដែលកំពុងបន្តភៀសសឹកនៅឡើយនោះ គឺស្របគ្នានឹងតួលេខ ដែលចងក្រងឡើង តាមរយៈវត្តមាននៅនឹងកន្លែងរបស់ភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូអង្គការមនុស្សធម៌នានា ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ព្រំដែន រួមទាំងកម្មវិធីផ្ដល់អាហារ និងជម្រក ដែលកំពុងដំណើរការបច្ចុប្បន្ន។ក្នុងសេចក្តីថ្លែងដដែលនេះ កម្ពុជាបានបង្ហាញការ កត់សម្គាល់បន្ថែមទៀតថា ទោះបីជាសេចក្ដីថ្លែងការណ៍ជាសាធារណៈនាពេលថ្មីៗនេះរបស់អាជ្ញាធរថៃ បានជំទាស់នឹងតួលេខដ៏ច្បាស់លាស់នេះក្តី ក៏សេចក្តីថ្លែងការណ៍ទាំងនោះ បានបញ្ជាក់ថា ពិតជាមានជនស៊ីវិលកម្ពុជាជាច្រើនបានភៀសសឹកមែន ហើយនៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញបានឡើយ ដោយសារតែការ កាន់កាប់ដោយខុសច្បាប់របស់ថៃលើដែនដីកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍នេះ កម្ពុជាប្រកាសស្វាគមន៍ចំពោះការបន្តផ្ទៀងផ្ទាត់ ដោយឯករាជ្យអំពីស្ថានភាពនេះពីសំណាក់ភ្នាក់ងារពាក់ព័ន្ធ និងស្ថានបេសកកម្ម ការទូតនានា ហើយត្រៀមខ្លួនជាស្រេច ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ច បន្ថែមទៀត ទៅកាន់តំបន់រងផលប៉ះពាល់ទាំងនោះ៕ ដោយ៖ កន ចំណាន





