ភ្នំពេញ÷នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ បានចាប់ផ្តើមជាផ្លូវការហើយ។ ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមបើកហឹបវិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។
ការបើកហឹបវិញ្ញាសានេះត្រូវបានធ្វើឡើងដោយមានការចូលរួមសង្កេតការណ៍ផ្ទាល់ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) សហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គណៈមេប្រយោគ អនុរក្ស និងតំណាងបេក្ខជន ដើម្បីធានាថា ហឹបវិញ្ញាសាទាំងអស់មានការបិទត្រឹមត្រូវ និងត្រាស្រោបប្រធានវិញ្ញាសា ដោយមិនមានការលេចធ្លាយ និងប្រកបដោយតម្លាភាពខ្ពស់ មុននឹងចែកជូនបេក្ខជនតាមបន្ទប់ប្រឡងនីមួយៗ។ក្នុងឱកាសដ៏សំខាន់នេះ សូមជូនពរដល់ក្មួយៗ សិស្សានុសិស្សទូទាំងប្រទេស មានទំនុកចិត្តលើសមត្ថភាពដែលបានខិតខំរៀនសូត្រអស់រយៈពេល ១២ឆ្នាំកន្លងមកនេះ «អ្នកចេះ គឺជាប់» និងសូមឱ្យការតស៊ូ និងការលះបង់របស់ក្មួយៗ ព្រមទាំងការទន្ទឹងរង់ចាំរបស់ លោកឪពុកអ្នកម្តាយអាណាព្យាបាល ទទួលបានផ្លែផ្កាជាជ័យជម្នះ និងទទួលបាននិទ្ទេសដែលខ្លួនប្រាថ្នា។ សូមក្មួយៗទាំងអស់ទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរគ្រប់ៗគ្នា។
គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦ នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១,២៣៨ នាក់ (ស្រី ៨៤,៧៣៥ នាក់) និងត្រូវបានបែងចែកជា ២៤៤ មណ្ឌលសំណេរនៅទូទាំងប្រទេស៕
ផ្សាយ៖ កន ចំណាន











