ខេត្តកណ្តាល÷យោងតាមសេចក្តីរាយការណ៍និងដូចដែលបានឃើញជាក់ស្តែងនៅក្នុងរូបភាពទាំងនេះតែម្តងគឺប្រភពបងប្អូនប្រជាពលរដ្ឋបានថតផ្តិតយករូបភាពផ្តល់មកជូនខាងអង្គភាពព័ត៌មានយើងខ្ញុំផ្ទាល់ដែលបង្ហាញពីករណីគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងពាក់ព័ន្ធនឹងរថយន្តកូរ៉េចំណុះត្រឹមតែមួយតោនកន្លះដែលបានកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ រថយន្តទាំងនេះបានធ្វើសកម្មភាពដឹកបន្លែផ្លែឈើចេញពីច្រកជ្រៃធំក្រុងសំពៅពូនខេត្តកណ្ដាលឆ្ពោះមករាជធានីភ្នំពេញ អ្វីដែលជាបញ្ហាក្តៅគគុកនិងទាមទារចំណាត់ការបន្ទាន់បំផុតនោះគឺការផ្ទុកទំនិញសំពីងសំពោងមានទម្ងន់ចាប់ពី១៥តោនរហូតដល់២០តោនដែលកំពុងធ្វើចរាចរណ៍យ៉ាងគគ្រឹកគគ្រេងតាមបណ្ដោយផ្លូវជាតិលេខ២១A ។
![]() |
សកម្មភាពនេះគឺជាការបំពានច្បាប់ដែលបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពសង្គម យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាមាត្រា១៤បានហាមឃាត់ដាច់ខាតការកែច្នៃយានយន្តឱ្យខុសពីលក្ខណៈបច្ចេកទេសដើម ព្រមជាមួយគ្នានេះមាត្រា៥៣និងមាត្រា៥៤ក៏បានហាមឃាត់ការដឹកទំនិញសំពីងសំពោងហួសទំហំទ្រុងដោយទម្ងន់សរុបមិនត្រូវលើសពីទម្ងន់ដែលបានកំណត់ក្នុងបណ្ណសម្គាល់យានយន្តឡើយ ការបណ្តែតបណ្តោយឱ្យរថយន្តល្មើសទាំងនេះបន្តសកម្មភាពគឺជាការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិឱ្យរងការខូចខាតមុនអាយុកាលនិងជាការគំរាមកំហែងដល់អាយុជីវិតអ្នកធ្វើដំណើរ ។
ដើម្បីសង្គ្រោះផ្លូវថ្នល់ជាតិនិងឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋអង្គភាពព័ត៌មានយើងខ្ញុំសូមសំណូមពរយ៉ាងទទូចដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់មេត្តាចុះចាត់វិធានការក្តៅគគុកជាបន្ទាន់ ស្ថាប័ននិងថ្នាក់ដឹកនាំទាំងនោះរួមមានឯកឧត្តមប៉េងពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនព្រមទាំងគណៈកម្មាធិការសម្របសម្រួលការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលត្រូវចុះត្រួតពិនិត្យថ្លឹងទម្ងន់ផាកពិន័យនិងតម្រូវឱ្យម្ចាស់យានយន្តកាត់ទ្រុងកែច្នៃចេញជាដាច់ខាត ទន្ទឹមនឹងនេះលោកបូរីវង្សសានិត្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលត្រូវចុះល្បាតត្រួតពិនិត្យយានយន្តល្មើសដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ជាបន្ថែមទៀតឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាលព្រមទាំងអភិបាលក្រុងសំពៅពូនគប្បីបញ្ជាកម្លាំងចម្រុះចុះរឹតបន្តឹងច្បាប់និងលុបបំបាត់រថយន្តល្មើស ស្របពេលដែលស្នងការដ្ឋាននគរបាលខេត្តកណ្តាលនិងអធិការដ្ឋាននគរបាលក្រុងសំពៅពូនរួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់រថយន្តល្មើសដោយផ្ទាល់ដើម្បីផាកពិន័យនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។យើងខ្ញុំជឿជាក់យ៉ាងមុតមាំលើចំណាត់ការដ៏ទាន់ពេលវេលាតាមវិជ្ជាជីវៈនិងម៉ឺងម៉ាត់បំផុតរបស់ថ្នាក់ដឹកនាំនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងការចុះដោះស្រាយបញ្ហានេះដើម្បីធានាសុវត្ថិភាពនិងប្រយោជន៍ជាតិជាធំ
ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ។
ថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ។
សម្រាប់បណ្ដាញនៃប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់យើងក៏កំពុងរង់ចាំទទួលព័ត៌មាន បន្ថែមចេញពីប្រភពពាក់ព័ន្ធទាំងឡាយជាបន្តបន្ទាប់តទៅទៀត ដើម្បីចូលរួមទប់ស្កាត់រាល់រាំសកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់សម្បត្តិសាធារណៈ និងអ្វីដែលនាំឱ្យមានការខាតបង់ដល់ចំណូលជាតិ ក៏ដូចជាប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរ និងកិត្តយសដ៏ល្អផូរផង់របស់ជាតិយើង ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ៕
(អត្ថបទរូបភាពដោយអាស៊ានដេលី)












