ភ្នំពេញ÷នៅក្នុងក្របខ័ណ្ឌនៃការចូលរួមពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន (CIFIT) លើកទី២៦ ក្នុងទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាងវិស័យឯកជនកម្ពុជា បំពេញបេសកកម្មការងារយ៉ាងសកម្ម និងមមាញឹកពេញមួយថ្ងៃ ដែលរួមមានទស្សនកិច្ចសិក្សាស្វែងយល់ ជំនួបទទួលទានអាហារធុរកិច្ច ដើម្បីផ្លាស់ប្តូរទស្សនៈជាមួយដៃគូអន្តរជាតិសំខាន់ៗ។
នាវេលាថ្ងៃត្រង់ បន្ទាប់ពីបានបញ្ចប់ជំនួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Zhou Zuyi លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ប្រចាំខេត្តហ្វូជៀន រួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមជំនួបអាហារថ្ងៃត្រង់ធុរកិច្ច ដែលត្រូវបានរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន Xiamen Hongda Taxation Service Limited ដឹកនាំដោយ លោក You Lingkan ប្រធានក្រុមហ៊ុន។ ក្រុមហ៊ុន Xiamen Hongda គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពន្ធដារ និងសវនកម្មឈានមុខមួយនៅក្នុងប្រទេសចិន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពន្លាពិព័រណ៍កម្ពុជា (Cambodia’s Pavilion) និងសិក្ខាសាលាតុមូល ក្នុងព្រឹត្តិការណ៍ CIFIT លើកទី២៦ នេះ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ជំនួបនេះបានផ្តោតលើការប្រាស្រ័យទាក់ទងពាណិជ្ជកម្ម ការបង្កើតបណ្តាញទំនាក់ទំនងរវាងវិស័យឯកជន និងការទាក់ទាញវិនិយោគិនពីខេត្តហ្វូជៀន មកបណ្តាក់ទុននៅកម្ពុជា។បន្ទាប់ពីជំនួបអាហារថ្ងៃត្រង់ធុរកិច្ចរួចរាល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញធ្វើទស្សនកិច្ចសិក្សា និងស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ នៅក្រុមហ៊ុន SDIC Intelligent Information Technology Co., Ltd. ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ ដឹកនាំដោយ លោក Teng Da ប្រធានក្រុមហ៊ុន។ ក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជាបានសិក្សាស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុនលើវិស័យកោសល្យវិច័យឌីជីថល (Digital Forensics) ការធ្វើឌីជីថលូបនីយកម្មនៃសន្តិសុខសាធារណៈ សន្តិសុខសាយប័រ និងរដ្ឋាភិបាលឌីជីថល ដែលជាទុនដ៏សំខាន់សម្រាប់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខឌីជីថលប្រកបដោយចីរភាព និងសុវត្ថិភាព។ជាកិច្ចបន្តនាល្ងាចថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាចធុរកិច្ច និងវិនិយោគ ដែលត្រូវបានរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់នៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)៕ ដោយ៖ កន ចំណាន








