គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

យុទ្ធនាការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រពលរដ្ឋ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នៅខេត្តត្បូងឃ្មុំរយៈពេល៥ថ្ងៃ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥

ខេត្តត្បូងឃ្មុំ÷កម្មវិធីជាតិសុខភាពភ្នែក សហការជាមួយ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភដោយមូលនិធិហ្វ្រេដហូឡូ ( Fred Hollows Foundation) ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ  ព្រមទាំងក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានធ្វើការពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពី ថ្ងៃទី០៣ ដល់០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ។

លោកបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានថ្លែងឱ្យដឹងថា ៖ ការផ្ដល់សេវាពិនិត្យ ព្យាបាល វះកាត់ភ្នែក វាស់ភ្នែក និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំ នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះសុខភាពភ្នែក ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។
លោកវេជ្ជបណ្ឌិត បន្តថា៖ នេះមិនមែនជាលើកទី១ឡើយ ដែលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំយើង បានសហការជាមួយក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងអង្គការដៃគូអភិវឌ្ឍន៍នានា បានរៀបចំកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកន្លងមក មានប្រជាជនជាច្រើន បានមកទទួលសេវាពិនិត្យ និងវះកាត់ជំងឺភ្នែកឥតគិតថ្លៃនេះ។ 
ជាមួយគ្នានោះ ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកនេះ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងជាពិសេសប្រជាពលរដ្ឋដែលមានវ័យចំណាស់ ដែលភាគច្រើនពួកគាត់មានបញ្ហាភ្នែកឡើងបាយ ហើយប្រសិនជាពួកគាត់មិនបានធ្វើការវះកាត់ ឬដាក់លេនស៍ទេ ពួកគាត់នឹងមានបញ្ហាងងឹត ឬអាចមើលមិនឃើញ។ ដូច្នេះនៅពេលមានការរៀបចំពិនិត្យ និងវះកាត់ភ្នែកដាក់លេនស៍ឱ្យពួកគាត់ នោះពួកគាត់ប្រាកដជាបានមើលឃើញនូវអ្វីដែលជាទិដ្ឋភាពខាងក្រៅពិតប្រាកដ ហើយពួកគាត់នឹងមានការសប្បាយចិត្ត។
លោកវេជ្ជបណ្ឌិត អេក ឃាង បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ប្រសិនបើមានបញ្ហាភ្នែក សូមអញ្ជើញមកធ្វើការពិនិត្យ និងទទួលយកសេវាព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដោយការពិនិត្យ និងព្យាបាលនេះគឺមានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះផងដែរ៕ អត្ថបទ ៖ ជឿន សុធន. មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

Post a Comment (0)
Previous Post Next Post

sponser

 

Social