កំពង់ធំ ÷មន្ទីរវប្បធម៌ខេត្តកំពង់ធំបានបញ្ជាក់នៅក្នុងបណ្ដាញសង្គមរបស់ខ្លួននៅថ្ងៃនេះថា : ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរព្រមទាំងការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និងអធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និងវាយតម្លៃវត្ថុសិល្បៈរកឃើញថ្មី ចំនួន ១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។
បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការ នៃការស្តារស្ទឹងស្លាប់ ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ |
![]() |
ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះធ្វើអំពីស្ពាន់ ដែលទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ) ឬអាចជាព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ) (ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុងដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាសនិងផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ)។