គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ស្នើដល់យន្តការដឹកនាំរាជធានី ខេត្ត ត្រូវបន្តចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ ឱ្យបានសម្រេចតាមផែនការប្រចាំឆ្នាំចំនួន៥%

ភ្នំពេញ ÷ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានស្នើដល់យន្តការដឹកនាំរាជធានី ខេត្ត ត្រូវបន្តចាត់វិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជនរង គ្រោះ ឱ្យបានសម្រេចតាមផែនការប្រចាំឆ្នាំចំនួន៥% ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដែលកិច្ចការនេះតម្រូវឱ្យមានការដឹកនាំច្បាស់លាស់ សំដៅលើគោលដៅ មុខសញ្ញា និង អំពើល្មើស ដែលជាមូលហេតុបង្កគ្រោះថ្នាក់ នោះទើបអាចសម្រេចជោគជ័យ។ ការស្នើរបស់ឯកឧត្ដមអភិសន្ដិបណ្ឌិតបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ជំរុញការកែទម្រង់ការងារនៅគ្រប់អង្គភាព ដើម្បីបង្កើនភាពសកម្មទទួលខុសត្រូវគ្រប់ការងារ ឱ្យធានាសម្រេចការងារតាមផែនការទសវត្សដែលបានគ្រោងទុក។ ក្នុងន័យនេះ ត្រូវបង្កើនប្រសិទ្ធភាពយន្តការដឹកនាំ ការចាត់តាំងអនុវត្តផែនការសកម្មភាព និងការត្រួតពិនិត្យវាយតម្លៃគ្រប់សកម្មភាពការងារ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដជំរុញអនុវត្ដន៍ឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងត្រូវបន្តអនុវត្តន៍វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិន អនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់ ហើយត្រូវខិតខំតាមរកចាប់ជនបង្កគ្រោះថ្នាក់ដែលរត់គេចខ្លួន ដើម្បីធ្វើការផ្តន្ទា ទោសតាមច្បាប់។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដីក៏សូមលើកទឹកចិត្តដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី ខេត្តទាំង២៥ ជំរុញការសាងសង់សួនសុវត្ថិភាពចរាចរណ៍នៅតាមសាលា និងទីតាំងសមស្របយ៉ាងតិចឱ្យបាន១កន្លែង នៅឆ្នាំ២០២៦ តាមគំរូប្លង់បច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង អនុវត្តន៍កម្មវិធីសិក្សាតាមគំរូឯកភាព។ ទន្ទឹមនេះ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំច្បាប់ និងបទដ្ឋានសុវត្ថិភាពចរាចរណ៍តាមគ្រប់រូបភាព ដោយផ្តោតលើអ្នកជិះ ម៉ូតូដែលទទួលរងគ្រោះថ្នាក់ភាគច្រើន អ្នកបើកម៉ូតូកង់បី អ្នកបើកបរម៉ូតូដឹកទំនិញ សិស្សគ្រប់កម្រិតសិក្សា អ្នកបើកបររថយន្តដឹកកម្មករ ជាដើម។ ឯកឧត្ដមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានជំរុញដល់ភាគីពាក់ព័ន្ធត្រូវបង្កើនភាពគំរូក្នុងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយផ្តើមចេញពីមន្ត្រីនៃក្រសួងស្ថាប័ន ពាក់ព័ន្ធ របស់គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក។ ក្នុងន័យនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នជា សមាជិក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវយកចិត្តទុកដាក់បង្កើនសកម្មភាពផ្សព្វផ្សាយអប់រំលើកកម្ពស់ចំណេះដឹងសុវត្ថិភាពចរា​ចរណ៍ដល់មន្ត្រីរាជការ និយោជិតក្រោមឱវាទ និងតាមមូលដ្ឋានពាក់ព័ន្ធ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ ការងារ និងស្មារតីខិតខំប្រឹងប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យើងនឹងអាចសម្រេចបានជោគជ័យក្នុងការទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី២ ឆ្នាំ២០២៥ ក៏ដូចជាការរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែប្រសើរឡើងជាលំដាប់ ឈានទៅសម្រេចគោលការណ៍ ទាំងបី គឺ អ្នកប្រើប្រាស់ផ្លូវមានសុវត្ថិភាព ផ្លូវថ្នល់មានសុវត្ថិភាព និងយានយន្តមានសុវត្ថិភាព។
ជាមួយគ្នានេះ ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន និងជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២៥នេះ គឺជាផ្នែកមួយនៃការវាស់វែង ការអនុវត្ដ ផែនការជាតិទស​វត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ ដែលបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយអត្រាអ្នកស្លាប់ និងរបួសឱ្យបាន ៥០ភាគរយ នៅដំណាច់ឆ្នាំ២០៣០ តាមរយៈគោលដៅសំខាន់ៗចំនួនពីរ គឺគោលដៅទី១ កាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួសតាមកត្ដាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងគោលដៅទី២ បង្កើនប្រសិទ្ធភាពការអនុវត្ដការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច​​​ សង្គម និងវប្បធម៌ ដែលបានបញ្ចប់រួចរាល់នូវការរៀបចំសេចក្ដីព្រាងច្បាប់ថ្មីស្ដីពីចរាចរណ៍ផ្លូវគោក និងកំពុងតែពិនិត្យបំពេញបន្ថែមលើរបាយការណ៍វិភាគ និងវាយតម្លៃលើសេចក្ដីព្រាងច្បាប់នេះ ដើម្បីដាក់ជូនកិច្ចប្រជុំអន្ដរក្រសួង ពិនិត្យ និងសម្រេច

មុននឹងដាក់ឆ្លងការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់កើតឡើងសរុប ១.០៦៦លើក (យប់៥៨%) បណ្តាលឱ្យស្លាប់ ៦៩៤នាក់ និងរបួស ១.៤៧៦នាក់ (ធ្ងន់៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៥០% មិនគោរពសិទ្ធិ ២១% មិនប្រកាន់ស្តាំ១១% ប្រជែងគ្រោះថ្នាក់៧% ស្រវឹង៥% បត់២% កត្តាយាន២% ងងុយ១% និងសញ្ញា ចរាចរណ៍១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៧៧% (៥៣៧/៦៩៤នាក់) មានអ្នកមិនពាក់មួក សុវត្ថិភាពចំនួន៦២% (៣៣២/៥៣៧នាក់)។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ៣៦០លើក ខេត្តព្រះសីហនុ៨២លើក និងខេត្តកណ្តាល៦៦លើក។
គិតក្នុងឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៦៨លើក ស្មើ៣១% (១.០៦៦/១.៥៣៤លើក) ចំនួនអ្នកស្លាប់ថយចុះ ៩៩នាក់ ស្មើ១២% (៦៩៤/៧៩៣នាក់) និង ចំនួនអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០% (១.៤៧៦/២.១១៦នាក់)។ បើប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ ធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៤៤លើក ស្មើ១៩% (១.០៦៦/១.៣១០លើក) ចំនួនអ្នកស្លាប់ថយចុះ ២២នាក់ ស្មើ៣% (៦៩៤/៧១៦នាក់) និងចំនួន អ្នករបួសថយចុះ ១២៨នាក់ ស្មើ៨% (១.៤៧៦/១.៦០៤នាក់)៕ ដោយ៖ AKPរិទ្ធី
Post a Comment (0)
Previous Post Next Post

sponser

 

Social