ភ្នំពេញ÷បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្រ្ត មកពីប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម។ការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ នេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា បានសម្តែងនូវមោទកភាព ដែលប្រទេសកម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រទេសកិត្តិយសក្នុងការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ។ នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត នំសម្រន់គ្រប់ប្រភេទ ប្រហុក ក្រមាខ្មែរ និងផលិតផលជាច្រើនទៀត។ឯកឧត្តម លុយ ដេវីត បានឱ្យដឹងទៀតថា មេចុងភៅ សៅ សុភ័ក្រ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល (Paul Dubrule) បានចម្អិនម្ហូបខ្មែរបង្ហាញជូនភ្ញៀវអន្តរជាតិបានស្គាល់ និងភ្លក់រស់ជាតិផងដែរ៕ ដោយ នីកា AKP