ខេត្តកណ្ដាល÷ បឹងបំបោសដែលជាទីកន្លែងអាស្រ័យផល រកត្រី ក្តាម ខ្យង និងបេះត្រកួន របស់ប្រជាពលរដ្ឋ ពេលនេះត្រូវបានបែកធ្លាយថា លក់ទៅឲ្យឈ្មួញ ដែលជាអ្នកមានលុយ មានអំណាច ខណៈដែលពេលនេះកំពុងតែមានការចាក់ខ្សាច់លុបជាបណ្តើរៗ ។
នេះបើតាមការអះអាងពីប្រជាពលរដ្ឋនៅសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល បានលើកឡើងថា ដំបូងឡើយអាជ្ញាធរមូលដ្ឋានបានចុះមកកៀរគរ ឲ្យពួកគេផ្តិតមេដៃ ដោយប្រាប់ថា គម្រោងនេះគឺដើម្បីស្តារបឹងយកទឹកសម្រាប់ស្រោចស្រពស្រែចម្ការ និងយកអាចម៍ដីទៅចាក់ផ្លូវក្នុងភូមិដែលរងការខូចខាត ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រយៈពេលប្រមាណ ២ឆ្នាំហើយ មិនឃើញមានការស្តារបឹង ឬចាក់ផ្លូវដូចការសន្យានោះទេ តែបែរជាលេចឮដំណឹងថា បឹងនេះត្រូវបានលក់ទៅឲ្យឈ្មួញ ដែលជាអ្នកមានលុយ មានអំណាច ងាជាឧកញ៉ាមួយរូបនៅខេត្តកណ្ដាល បាត់ទៅហើយ។ប្រភពដដែលបានបញ្ជាក់ថាបច្ចុប្បន្ន គេឃើញមានការបូមខ្សាច់ ចាក់លុបជាច្រើនកន្លែង ពួកគាត់បន្តថា ប្រសិនបើបឹងនេះបាត់បង់ នោះពួកគាត់នឹងគ្មានកន្លែងរកត្រី ឬស្វែងរកផលអនុផលធម្មជាតិ សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃទៀតទេ ហើយទឹកសម្រាប់ធ្វើស្រែចម្ការក៏នឹងត្រូវរីងស្ងួតផងដែរ ។
ជាក់ស្ដែង នៅរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងជាលើកទី ២ នៅពេលដែលក្រុមការងារយើងបានទៅដល់ ឃើញថាមានម៉ាស៊ីនបូមខ្សាច់កំពុងដំណើរការយ៉ាងទ្រហឹងអ៊ឹងកង ផ្អើលពេញភូមិ មួយសន្ទុះក្រោយមក ហាក់បីដូចជា មានអ្នកផ្ដល់ដំណឹង ក៏បានពន្លត់ម៉ាស៊ីនបូបខ្សាច់ស្ងប់ស្ងាត់ទៅ ភ្លាមនោះអង្គភាពយើងបាន ទៅដល់សង្កាត់ព្រែកអំពិល ដើម្បីសាកសួរព័ត៌មានបន្ថែម ជុំវិញការលើកឡើងរបស់មតិមួយចំនួនថាមានការលក់បឹងបំបោសខាងលើ តើជាការពិតឬមួយយ៉ាងណា ក៏ប៉ុន្តែនៅពេលដែលក្រុមការងារយើងបានទៅដល់សង្កាត់ តែលោក ចាន់រ៉ា ចៅសង្កាត់ ព្រែកអំពិលមិននៅនោះទេ ខណៈនោះក្រុមការងាយើងបានទំនាក់ទំនងតាមរយះ លេខ 012 262921 ជាច្រើនដងតែត្រូវបានបិទទូរសព្ទ ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង បានសាកសួរ លោកមេភូមិ ព្រែកតាទេព ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធទៅនឹងដីបឹងបំបោសខាងលើ ដោយលោកបានបញ្ជាក់ប្រាប់ថា ចំពោះការទិញលក់ដីបឹងខាងលើនេះ លោកមិនបានដឹងនោះទេ ហើយក៏លោកមិនទទួលស្គាល់ដែរ ។
អង្គភាពសារព័ត៌មានយើងបានព្យាយាមទំនាក់ទំនងសុំការបកស្រាយបំភ្លឺពីលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ ដំបូងឡើយ ក្រុមការងារយើងបានផ្ញើសំណេរជាសំណួរតាមប្រព័ន្ធតេឡេក្រាម តែមិនបានទទួលការឆ្លើយតបនោះឡើយ អង្គភាពយើងបានទំនាក់ទំនងតាមរយៈលេខទូរសព្ទដៃខលចូល ដោយលោកបានឱ្យក្រុមការងារយើងទៅមកជួបនៅសាលាក្រុងអរិយក្សត្រ ។
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង បានធ្វើការទំនាក់ទំនង ទៅលោក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខេត្តកណ្ដាល ដើម្បីសូមការបំភ្លឺទាក់ទិននិង ការចេញប្លង់កម្មសិទ្ធិដីបឹងខាងលើ ជាដំបូងតាមរយៈតេលេក្រាម តែលោកចូលមើល មិនមានការឆ្លើយតប បន្ទាប់មកអង្គភាពយើងបានខលចូលហើយ តែលោកមិនបានទទួល ។
ប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចដល់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញឲ្យចុះទៅពិនិត្យករណីនេះជាបន្ទាន់ ប្រសិនបើបញ្ហានេះនៅតែបន្ត នោះដីបឹងរបស់រដ្ឋដែលធ្លាប់ជាប្រយោជន៍រួម របស់ប្រជាពលរដ្ឋ ជាយូរមកហើយ នឹងត្រូវបាត់បង់ទាំងស្រុង ហើយក្លាយទៅជាកម្មសិទ្ធិឯកជនជាក់ជាមិនខាន ក្នុងនាមពលរដ្ឋនៅក្នុងភូមិព្រែកតាទេព និងភូមិព្រែកអំពិល ស្នើសុំឱ្យបឹងបំបោសនេះ រក្សានៅសភាពដដែល ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ