ភ្នំពេញ÷នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ, ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិល និងស្ថាប័នសិក្សាស្រាវជ្រាវ ចំនួនប្រមាណ ៣៥០ នាក់ ព្រមទាំងមានការចូលរួមតាមរយៈប្រព័ន្ធវីដេអូប្រជុំពីចម្ងាយ ដោយអភិបាលក្រុង/ស្រុក/ខណ្ឌ និងមេឃុំ/ចៅសង្កាត់ និងមន្ត្រីអនុវត្តកម្មវិធីទូទាំងប្រទេសចំនួនប្រមាណ ៥ ០០០ នាក់ទៀត។
ការដាក់ឱ្យដំណើរការ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ឬ “Digital Social Protection Platform” មានគោលដៅបង្ហាញពីសមិទ្ធផល និងការបោះជំហាននៃកិច្ចការបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ដោយសង្កត់ធ្ងន់លើការគិតគូរផ្នែកគោលនយោបាយ រហូតដល់ការរៀបចំ និងដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ដែលជាការរៀបចំយ៉ាងល្អិតល្អន់ សម្រាប់រយៈពេលវែង លើផ្នែកប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេសការរៀបចំពង្រីកវិសាលភាពនៃការអនុវត្តថ្នាលឌីជីថលរួមនេះ ជាជំហានៗនៅទូទាំងប្រទេស ដើម្បីបង្កើនប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, គណនេយ្យភាព, និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម។![]() |
សំដៅធានាប្រសិទ្ធភាព ទាំងក្នុងក្របខណ្ឌនៃការអនុវត្តបែបប្រទាក់ក្រឡាផង និងផ្ដល់ភាពងាយស្រួលសម្រាប់មន្ត្រីអនុវត្តកម្មវិធី និងអ្នកទទួលផលផង ដោយចាប់យកអភិក្រម “ធ្វើសុខដុមនីយកម្ម” ជាជាងយកអភិក្រម “ធ្វើសមាហរ័ណកម្ម” ដោយកិច្ចការនេះត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ រហូតសម្រេចបាននូវ “ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា” ដែលជាកម្មវត្ថុនៃការប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះ។
នៅក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ឬ DSPP ជាសមិទ្ធផលរួម ដែលបានកសាងមូលដ្ឋានគ្រឹះដ៏មានសំខាន់មួយ ក្នុងការអភិវឌ្ឍ និងអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល ដែលនេះមិនត្រឹមតែជាការបំពាក់បន្ថែមនូវថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធី នៅរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងបំពាក់ឧបករណ៍ចុះបញ្ជីឌីជីថល ដែលរួមមានកុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ, ម៉ាស៊ីនស្កែនខ្ចៅដៃ, និងម៉ាស៊ីនបោះពុម្ពខ្នាតតូច ជូនដល់ឃុំ/សង្កាត់ទូទាំងប្រទេស ជាដំណាក់កាលៗ បន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូន នាពេលកន្លងទៅ។ នេះ ជាការធ្វើទំនើបកម្ម និងឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់ នៅថ្នាក់ក្រោមជាតិ។ សមិទ្ធផលទាំងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ, ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍ស្ទួន, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានមុខងារស្រដៀងគ្នា, និយាយជារួម, និងនិយាយដោយឡែក សំដៅ «កាត់បន្ថយជាអតិបរមា នូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គម បែបវិមជ្ឈការ, ត្រៀមលក្ខណៈឆ្លើយតបនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល» ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល ឱ្យក្លាយជាប្រព័ន្ធមួយ ដែលមានភាពប្រទាក់ក្រឡាល្អ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការអនុវត្ត រយៈពេលវែង។ជាមួយសមិទ្ធិផលដែលសម្រេចបាននេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធ ដែលទទួលបន្ទុកអនុវត្តគោលនយោបាយជាតិគាំពារសង្គម រួមទាំងលេខាធិការដ្ឋានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្ដកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម នែអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ឱ្យបន្តការគាំទ្រ និងចូលរួមអនុវត្តឱ្យបានពេញលេញ និងស្រុះគ្នា ប្រកបដោយស្មារតីបុរេសកម្ម។
ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណក្រសួង- ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងរដ្ឋបាលឃុំ/សង្កាត់, ដៃគូអភិវឌ្ឍន៍នានា ចំពោះការចូលរួមចំណែកគាំទ្រ និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ជាពិសេសថ្នាលគាំពារសង្គមឌីជីថលកម្ពុជា សំដៅជំរុញនិងធានាប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល។ ដោយ៖ ទទក