(AKP ហ្សឺណែវ) ឯកឧត្តមឯកអគ្គរាជទូត អុិន តារា៖ «នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ទោះបីមានការជូនដំណឹងក្នុងរយៈពេលខ្លី បងប្អូនពលរដ្ឋខែ្ម និងមិត្តភក្តិ ប្រមាណជាង ៨០នាក់ មកជាបន្តបន្ទាប់ពីទូទាំងប្រទេសស្វីស រួមជាមួយ សិស្សជនជាតិស្វីស និងអុីតាលី ប្រមាណជាង ៣០នាក់ បានប្រមូលផ្តុំគ្នានៅមុខអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ នៅទីលានកៅអីបាក់ជើង ដើម្បីថ្កោលទោសការឈ្លានពានដោយអាវុធរបស់ថៃ និងដើម្បីឈរជាមួយសន្តិភាព។
ពីទីតាំងនិមិត្តរូបដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ស្មារតីមនុស្សជាតិនេះ បងប្អូនពលរដ្ឋខែ្មរបានបដិសេធការប្រើកម្លាំងយោធារបស់ថៃ អំពាវនាវឲ្យមានការគោរពពេញលេញចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព ហើយបានបញ្ជាក់ឡើងវិញថា វិវាទទាំងអស់ត្រូវដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ពួកគេបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារយ៉ាងឃោរឃៅ និងមិនរើសអើងលើជនស៊ីវិល ទីតាំងស៊ីវិល និងបេតិកភណ្ឌវប្បធម៌ រួមទាំង ប្រាសាទព្រះវិហារ ដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើប្រទេសថៃ ឲ្យបញ្ឈប់សកម្មភាពឈ្លានពាន និងត្រឡប់ទៅរកការទូតដោយសុចរិតភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត អុិន តារា បានសំដែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន ដែលបានមកចូលរួម ដោយបានលើកឡើងថា វត្តមានរបស់បងប្អូនមានសម្លេងរំញ័រឆ្លងកាត់ឆ្ងាយលើសពីទីលាននេះទៅទៀត។
ឯកឧត្តមឯកអគ្គរាជទូតបានមានប្រសាសន៍ថា នេះគឺជា«ការក្រោកឈដើម្បីសន្តិភាព ដើម្បីយុត្តិធម៌ និងដើម្បីអធិបតេយ្យភាពរបស់កម្ពុជា—សម្លេងរួមរបស់បងប្អូន អត់ធ្មត់តែម៉ឺងម៉ាត់ ក្រោកឈរប្រឆាំងនឹងការឈ្លានពាន និងមានមូលដ្ឋានយ៉ាងមាំមួនលើច្បាប់ និងសេចក្តីថ្លៃថ្នូរ»។










