ត្បូងឃ្មុំ ÷តើច្បាប់ស្រុកខ្មែរយើងមានតម្លៃសម្រាប់តែអ្នកមានលុយ និងជនបរទេសឬ? នេះគឺជាសំណួរទាំងទឹកភ្នែករបស់កញ្ញា ភួង សុខុន កម្មករសំណង់នៅក្រុមហ៊ុន រ៉ុងស៊ីងទី វីស៊ត ដែលត្រូវបានប្តីប្រពន្ធជនជាតិចិនប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃរហូតដេកពេទ្យសង្គ្រោះបន្ទាន់។
រយៈពេល ១៤ ថ្ងៃកន្លងផុតទៅ របួសលើរាងកាយមិនទាន់ជាសះស្បើយឡើយ ប៉ុន្តែអ្វីដែលឈឺចាប់ជាងរបួស គឺអាកប្បកិរិយារបស់សមត្ថកិច្ចមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ត្រពាំងផ្លុង ដែលហាក់បីដូចជាកំពុងពាក់មុខយក្សដាក់ខ្មែរឯង ហើយបែរជាមកយកចិត្តយកថ្លើមជនជាតិចិនដែលជាជនបង្កទៅវិញ។ពោល/តាមការរៀបរាប់ទាំងការឈឺចាប់ ជនរងគ្រោះបានលើកឡើងថា ករណីហិង្សានេះបានបន្សល់ទុកនូវស្លាកស្នាមពេញខ្លួនប្រាណ ប៉ុន្តែមកទល់ពេលនេះ ជនជាតិចិនបង្កទាំងពីរនាក់នៅតែដើរហើរធ្វើការយ៉ាងរំភើយ គ្មានការឃាត់ខ្លួន ឬសាកសួរតាមនីតិវិធីច្បាប់ទាល់តែសោះ។ រឿងដែលហួសចិត្តបំផុតនោះគឺ បើកាលណាខ្មែរមានជម្លោះបន្តិចបន្តួចជាមួយចិន សមត្ថកិច្ចមកដល់លឿនដូចរន្ទះ ឃាត់ខ្លួនភ្លាម បង្ខំឱ្យសងសំណងភ្លាម ប៉ុន្តែពេលចិនវ៉ៃខ្មែរដល់សន្លប់ បែរជាសមត្ថកិច្ច "ភ្នែកខ្វាក់ ត្រចៀកថ្លង់" ទៅវិញ។តើលោកមេប៉ុស្តិ៍ត្រពាំងផ្លុង និងលោកអធិការស្រុកពញាក្រែក កំពុងអនុវត្តច្បាប់ការពារប្រជាពលរដ្ឋ ឬក៏កំពុងឈរការពារផលប្រយោជន៍ក្រុមហ៊ុន និងជនបរទេស? ការបណ្តោយឱ្យជនល្មើសមានសេរីភាពក្នុងខណៈដែលជនរងគ្រោះកំពុងដេកថ្ងូរក្នុងមន្ទីរពេទ្យ គឺជាការមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធយុត្តិធម៌កម្ពុជា និងជាការជាន់ឈ្លីលើកិត្តិយសរបស់ពលរដ្ឋខ្មែរម្ចាស់ស្រុក។អាស្រ័យហេតុនេះ ក្នុងនាមជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ កញ្ញា ភួង សុខុន សូមលើកម្រាមដៃដប់សំពះទទូចដល់ ឯកឧត្តមអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ មេត្តាជួយអន្តរាគមន៍ត្រួតពិនិត្យលើចំណាត់ការរបស់មន្ត្រីថ្នាក់ក្រោម និងវះកាត់មន្ត្រីដែល "លម្អៀង" ទាំងនោះចេញ។ យុត្តិធម៌ត្រូវតែមានសម្រាប់កម្មករខ្មែរ ហើយជនជាតិចិនដែលមើលងាយច្បាប់ខ្មែរ ត្រូវតែទទួលទោសតាមច្បាប់ជាធរមាន មិនអាចឱ្យលុយ ឬអំណាចក្រុមហ៊ុនមកបិទបាំងទង្វើទុច្ចរិតនេះបានឡើយ។










