ភ្នំពេញ÷នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ រតនា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញស្តីពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងចំនួន២៥រូប នៃស្ថានបេសកកម្មការទូតនិងអង្គការអន្តរជាតិនានានៅទីក្រុងភ្នំពេញចំនួន២២ ស្ថានតំណាង។
បទបង្ហាញផ្តោតលើបញ្ហាសំខាន់ៗបីគឺ៖១) សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ២) លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំត្រីភាគីនៃរដ្ឋមន្ត្រីការបរទេស និងមន្ត្រីយោធាជាន់ខ្ពស់ កម្ពុជា ថៃ និងចិន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន និង ៣) ការដោះលែងយោធិនកម្ពុជាទាំង១៨រូប នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ឯកឧត្តមអនុរដ្ឋលេខាធិការបានជម្រាបពីបច្ចុប្បន្នភាពនៃចំនួនពលរដ្ឋខ្មែរដែលបានស្លាប់ និងរងរបួស ចំនួនជនភៀសសឹក ព្រមទាំងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិផ្សេងៗ ដែលបង្កពីការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើទឹកដី អធិបតេយ្យនិងតំបន់ជនស៊ីវិលកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ មនុស្សធម៌ទាំង អស់របស់ប្រទេសជាមិត្ត ដែលបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសប្រទេសចិន ដែលជំនួយទាំងនេះបានផ្តល់ដោយត្រង់ ឬតាមរយៈអង្គការអន្តរជាតិ ឬ អង្គការមិនមែនរដ្ឋាភិបាលដើម្បីរួមចំណែកជួយដល់ពលរដ្ឋភៀសសឹក ៕








