ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានបញ្ជូនកំណត់ទូតតវ៉ាជាផ្លូវការទៅកាន់ស្ថានទូតថៃប្រចាំរាជធានីភ្នំពេញ ជុំវិញការរឹបអូសទូកនេសាទ និងការចាប់ខ្លួនអ្នកនេសាទខ្មែរចំនួនបួននាក់ ដោយកងទ័ពជើងទឹកថៃកាលពីដើមខែមករា នៅក្នុងដែនសមុទ្រនៃខេត្តកោះកុង។
នៅក្នុងកំណត់ទូតដែលបានផ្ញើទៅកាន់ស្ថានទូតថៃ ក្រសួងការបរទេសបានឲ្យដឹងថា ហេតុការណ៍នៃការចាប់ទូកនេសាទកម្ពុជាបានកើតឡើងនៅវេលាម៉ោង11:30 ព្រឹក ថ្ងៃទី 6 ខែមករា ឆ្នាំ 2026 នៅចំណុចកូអរដោនេ លេខ 11°33'30"N និង 102°51'39"E ដែលកម្ពុជាអះអាងថាស្ថិតនៅក្នុងដែនសមុទ្ររបស់ខ្លួន។
យោងតាមខ្លឹមសារកំណត់ទូតនេះ កម្ពុជាបានស្វាគមន៍ការដោះលែងអ្នកនេសាទទាំងបួននាក់មកវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែទន្ទឹមនេះបានស្នើជាផ្លូវការដល់ភាគីថៃឱ្យប្រគល់ទូកនេសាទខ្មែរ រួមជាមួយនឹងឧបករណ៍នេសាទទាំងអស់ដែលថៃបានរឹបអូស ត្រឡប់មកវិញ។
កម្ពុជា បានតវ៉ាយ៉ាងខ្លាំងចំពោះអ្វីដែលក្រសួងការបរទេសបានពិពណ៌នាថា ជាសកម្មភាព “រំលោភលើអធិបតេយ្យភាព និងយុត្តាធិការរបស់កម្ពុជា” ហើយក៏បានស្នើថៃចៀសវាងសកម្មភាពបែបនេះ នាពេលអនាគត៕