គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ÷លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់លាស់ និងរកឃើញភស្តុតាងដែលបង្ហាញពីសកម្មភាពមិនប្រក្រតីក្នុងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់អ្នកដទៃ ក្នុងរូបភាពជាការវិនិយោគ ឬការរកស៊ីដែលគ្មានតម្លាភាព រួចយកថវិកាទាំងនោះទៅធ្វើចរាចរណ៍ដើម្បីបន្លំភ្នែកសមត្ថកិច្ច សម្អាតប្រាក់ និងបានប្រើប្រាស់ទីតាំងកាស៊ីណូ និងសណ្ឋាគារ ដើម្បីបង្ខាំងមនុស្សឱ្យធ្វើការឆបោកអនឡាញ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

បច្ចុប្បន្នជននេះ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។ សំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។

លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីលើសំណុំរឿងធំៗចំនួន ៣៧ ករណី ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ១៧២ នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចបាន និងកំពុងបន្តស្រាវជ្រាវដើម្បីវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕

ផ្សាយដោយ ធូ កុសល MoINFO APP

Post a Comment (0)
Previous Post Next Post

sponser

 

Social