ស្វាយរៀង÷ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកឡើងថា ជាការពិត ការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិរយៈពេល៣ថ្ងៃនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករ កីឡាការិនីជាប្រចាំរយៈពេល១ឆ្នាំកន្លងមក គួបផ្សំនឹងការតស៊ូព្យាយាម ការគោរពវិន័យប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ តាមវិញ្ញាសានីមួយៗ។
ការគូសបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិតបានធ្វើឡើងនៅក្នុងពិធីបិទការប្រកួតកីឡាទូកង ទូកនាគ ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រចាំឆ្នាំ២០២៥ ដែលបានប្រារព្ធពិធីបិទការប្រកួតដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា កម្ពុជានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា ហើយឯកឧត្តមប្រធានសហព័ន្ធបានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសហព័ន្ធបន្តជំរុញកិច្ចការមួយចំនួនបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតកម្រិតអន្តរជាតិនានា ជាពិសេសគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ខាងមុខនេះ។ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ក្នុងនោះ ឯកឧត្តមបានជំរុញឱ្យ បន្តយកចិត្តទុកដាក់បើកវគ្គបណ្តុះបណ្តាលបង្កើនបរិមាណកីឡាករ កីឡាការិនីវ័យក្មេងនៅតាមសមាគមនានា ជាពិសេសប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ និងប្រភេទទូកកានូ កាយ៉ាក់ ទូកផ្កាចារ ទូករ៉ូអ៊ីង នៅទូទាំងប្រទេស។ បន្តពង្រឹងរចនាសម្ព័ន្ធផ្ទៃក្នុងសហព័ន្ធ សមាគម-ក្លឹបនានាទូទាំងប្រទេស ក៏ដូចជាបន្តពង្រឹងគុណភាពរបស់គណៈកម្មការជំនាញនីមួយៗប្រកួតដោយការទទួលខុសត្រូវខ្ពស់។ ពង្រឹងបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាល ចៅក្រមឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីរៀបចំគ្រប់គ្រងការប្រកួតនៅគ្រប់កម្រិត។ ស្វែងរកដៃគូឧបត្ថម្ភគាំទ្របន្ថែមទៀតក៏ដូចជាបន្តជំរុញការផ្សព្វផ្សាយការប្រកួត និងសកម្មភាពកីឡារបស់សហព័ន្ធ ដើម្បីទាក់ទាញពីវិស័យឯកជន មហាជនឱ្យកាន់តែផុសផុលបន្ថែមទៀត។ ជាមួយគ្នានេះត្រូវបន្តបំផុសចលនាកីឡាឱ្យមហាជនកាន់តែយល់អត្ថន័យនៃកីឡារស់ក្នុងសន្តិភាពឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀនផងដែរ។ជាមួយគ្នានេះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានជម្រាបជូនថា ព្រឹត្តិការណ៍នេះមានសមាគម-ក្លឹបកីឡាប្រណាំងទូក ក្រសួងស្ថាប័ន រាជធានី-ខេត្តចូលរួមសរុប ៣៤ក្រុម សរុបប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីមានចំនួន ៨៤២នាក់ ដោយសហព័ន្ធបានដាក់ប្រភេទកីឡាចំនួន៦ប្រភេទ លើវិញ្ញាសាចំនួន៨ ដូចជា ទូកង ផ្នែកបុរស ទូកនាគ បុរស-នារី ទូកផ្កាចារ បុរស-នារី ទូកកានូ បុរស ទូកកាយ៉ាក់ បុរស និងទូករ៉ូអ៊ីង បុរស។ ជាមួយគ្នានេះ គណៈកម្មការបច្ចេកទេសបានសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាទាំង៨នេះផងដែរ៕ ដោយ ហេង ណាលីន







