គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមហ៊ុន RMA ពង្រីករោងចក្រដំឡើងរថយន្ត Ford និងការផលិតគ្រឿងបង្គុំនៅក្នុងស្រុក

ភ្នំពេញ÷ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូក្រុមហ៊ុន RMA Cambodia ដឹកនាំ ដោយលោក ងន សាំង អគ្គនាយកក្រុមហ៊ុន ដើម្បីពិភាក្សាកិច្ចសហការគាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងការវិនិ​យោគ​រយៈ​ពេលវែង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖“យើងត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMA ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថាន ស្តង់ដារ​កម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់​ក្រុមហ៊ុន RMA ។”


លោក ងន សាំង បានថ្លែងអំណរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់​ស្តង់​ដារ​យាន​យន្តនៅកម្ពុជា។ ចាប់តាំង​ពី​ឆ្នាំ២០២២ មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០ គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា។

លោកបានបន្ថែមថា៖ “យើងកំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអី​សម្រាប់​រថយន្ត Ford ។”


ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។ ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA​ Group ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មាន ប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាមេរិក និងអឺរ៉ុប។ ក្រុមហ៊ុនមានវត្តមាននៅកម្ពុជាតាំងពី​ឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍​ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម៕

Post a Comment (0)
Previous Post Next Post

sponser

 

Social