គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្ថានទូតកម្ពុជានៅកូរ៉េទទួលជំនួយជាឱសថដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ

ភ្នំពេញ÷ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានទទួលជំនួយជាឱសថ ដើម្បីយកមកផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ។

ឯកឧត្តមឯក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification Cultural Foundation និងលោក LEE Eui Taek ព្រមទាំងបានរៀបចំ ពិធីប្រគល់-ទទួលជានិមិត្តរូប នូវជំនួយឱសថ របស់ក្រុមហ៊ុន Yungjin Pharm. Co., Ltd និងក្រុមហ៊ុន Korean BL Pharm. Co.,Ltd ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្ត។
នៅក្នុងជំនួបនោះផងដែរលោកអគ្គនាយក NOH បានបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយ ដែលក្រុមហ៊ុនរបស់លោក និងក្រុមការងារ បានសម្របសម្រួលក្នុងការស្វែងរកជំនួយ និងបានផ្តល់ជូនជំនួយឱសថជាច្រើនទៅប្រទេសកម្ពុជា ហើយលោកនឹងបន្តខិតខំស្វែងរកនូវឱសថល្អៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជានៅពេលខាងមុខ។
ឯកឧត្តមឯកអគ្គរាជទូត​ បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះក្រុមហ៊ុន​ និងក្រុមការងារ ដែលជានិច្ចកាលតែងតែប្រឹងប្រែងយ៉ាងសកម្ម​ ក្នុងការស្វែងរកនូវជំនួយផ្សេងៗ ជាពិសេសឱសថ ដើម្បីផ្តល់ជូនទៅប្រទេសកម្ពុជា។

ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត​ បានលើកទឹកចិត្តដល់ លោកអគ្គនាយក សូមសិក្សាលទ្ធភាព និងស្វែងរកនូវឱកាសសមរម្យ ដែលក្រុមហ៊ុនរបស់លោក អាចធ្វើការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងវិស័យឱសថ ក៏ដូចជាសហគ្រាសផលិតឱសថ។

ឯកឧត្តម ក៏បានអញ្ជើញ​ លោកអគ្គនាយក ទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងសិក្សាបន្ថែម អំពីសក្តានុពលវិនិយោគ និងស្ថានភាពជាក់ស្តែងនៅទីនោះ។

ស្ថានទូត ត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូរក្នុងស្រុកដែលមានសក្តានុពល នៅក្នុងវិស័យឱសថ ប្រសិនបើក្រុមហ៊ុនមានតម្រូវការ។

លោកអគ្គនាយកក្រុមហ៊ុន មានសេចក្តីរីករាយ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់ កម្ពុជា និងបានបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តបតាមការអញ្ជើញរបស់ ឯកឧត្តម ហើយលោកអគ្គនាយកក៏សូមគោរពអញ្ជើញ ឯកឧត្តមឯកអគ្គរាជទូត ទៅទស្សនកិច្ចក្រុមហ៊ុនរបស់លោក ក្នុងឱកាសសមស្របណាមួយ ដើម្បីបង្កើននូវភាពស្និតស្នាល និងពង្រីកកិច្ចសហការឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕ ដោយ៖ AKP ប៊ុនរិទ្ធ

Post a Comment (0)
Previous Post Next Post

sponser

 

Social