ខេត្តកណ្តាល ៖ មានលុយមានអំណាចទើបអាចធ្វើបាន ករណី ចាក់ដីចូលមាត់ច្រាំងទន្លេ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់(ច្បាប់មានហើយហេតុអ្វីមិនអនុវត្ត) ចំពោះទីតាំងដែលស្ថិតនៅ ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាស្ងៀមស្ងាត់ ឬកំពុងដេកលុងលក់ តើការចាក់ដីចូលមាត់ច្រាំងទន្លេខាងលើ មានលិខិតអនុញាត ឬមួយយ៉ាងណា ប្រហែលជាខ្លាចឥទ្ធិពលនិងអំណាចម្ចាស់ទីតាំងខាងលើហើយទេដឹង សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
ជាក់ស្ដែង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីរពលរដ្ឋ នៅព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងារសារព័ត៌មានយើង បានចុះទៅដល់ទីតាំងកន្លែងជាក់ស្តែង និងបានឃើញថាពិតជាមានការចាក់ដី សាងសង់សំណង់រឹងរំលោភ ចូលច្រាំងទន្លេពិតប្រាកដមែន ។អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោក ឆាយ សេន មេឃុំព្រែកតាមាក់ ពាក់ព័ន្ធទៅនឹងករណីខាងលើ ដោយលោកបានបញ្ជាក់ថា ទីតាំងខាងលើ មិនមានច្បាប់អនុញ្ញាតនោះទេ ដោយម្ចាស់ទីតាំងជាអ្នកមានអំណាច នៅកៀកនិងព្រះឥន្ទ្រ ហើយលោកក៏ធ្លាប់បានរាយការណ៍ទៅថ្នាក់លើ ព្រមទាំងលើកឡើងនៅក្នុងអង្គប្រជុំ តែមិនមានអ្នកអើពើ ក្នុងនាមរូបលោកជាថ្នាក់ក្រោម លោកមិនហ៊ានធ្វើអីគេនោះទេ ។ក្រោយមកទៀតអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោកចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ដើម្បី រាយការណ៍បន្ថែមនិងសុំការបំភ្លឺ ពាក់ព័ន្ធទៅនឹងទីតាំងខាងលើ ដោយខលតាមរយៈលេខទូរសព្ទ ចំនួន៣ដង ចូលតែមិនមានអ្នកទទួល ជាបន្តមកទៀត ដោយខលមិនមានអ្នកទទួល អង្គភាពយើងបានធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធតេឡេក្រាម ដោយរូបលោកបានចូលមើល ថែមទាំងបានឆ្លើយតប ថាសូមអរគុណបង ខ្ញុំនិងត្រួតពិនិត្យមើលបង ។
![]() |
បានទំនាក់ទំនងតាមរយៈតេឡេក្រាមទៅកាន់ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកណ្តាលដើម្បីសុំការបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹង រំលោភច្រាំងទន្លេ ដែលឬយ៉ាងណា ដោយលោកបានចូលមើល តែមិនមានការឆ្លើយតបត្រឡប់មកវិញនោះទេ ។
យោងតាមរូបភាពនិងវីដេអូដែលសារព័ត៌មានយើង បានចុះថតយករូបភាពបាន និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដី រំលោភ ចូលមាត់ច្រាំងទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
អង្គភាពសារព័ត៌មានយើងស្នើសុំ លោក កាន ណារិទ្ធប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្តាល និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

















