ខណ្ឌចំការមន÷ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ បង្កប់លួចលាក់ក្នុងទីតាំង(ស្នុកឃ័រ) ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៧៣ កែងនឹងផ្លូវ៤២៤ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកដំណើរការលេងជារៀងរាល់ថ្ងៃហាក់មិនរំខានទៅដល់អាជ្ញាធរនៅក្នុងមូលដ្ឋាន ។
យោងតាមរូបភាពនិងប្រភពដែលអង្គភាពយើងទទួលបាន ថាទីតាំងបើកដំណើរការទទួលភ្ញៀវចូលលេង យ៉ាងកក្រឹកគគ្រេងជារៀងរាល់ថ្ងៃ សូមអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យទីតាំងខាងលើ ដើម្បីរក្សាភូមិឃុំសុវត្ថិភាពដែលប្រមុខថ្នាក់ដឹកនាំលោកដាក់ឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តន៍ ។យោងកិច្ចប្រជុំនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និងលោកស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាតាមកាស្របច្បាប់ លើសពីនេះ លោករដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែងតាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សូមបញ្ជាក់បន្ថែមឡើងវិញថាជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ដែលមានទីតាំងភូមិសាស្ត្រខាងលើនេះគឺបានបង្កឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាល បង្កឱ្យមានអសន្តិសុខនៅក្នុងមូលដ្ឋានដែលជាដើមហេតុ បណ្ដាលមកពីមានចោរលួចចោរឆក់ចោរប្លន់នេះទេ។ល។ ជាដើម ហើយជាងនេះទៅទៀតបង្កមានអំពើហិង្សានៅក្នុងរង្វង់គ្រួសារនីមួយៗដែលអាចនឹងកើតឡើងជាយថាហេតុក៏ថាបាន។
បើទោះជាយ៉ាងណាក៏ដោយ សម្រាប់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនឹងមានជំនឿជឿជាក់លើលោក គៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន លោក ហ៊ួរ ម៉េងហួន អធិការខណ្ឌចំការមន នឹងចាត់វិធានការចំពោះទីតាំងខាងលើ ដើម្បីជៀសវាងមានការរិះគន់ពីសាធារណជនទូទៅ និងនាំឲ្យមានផលប៉ះពាល់ដល់សង្គមជាតិទាំងសន្តិសុខ សុវត្ថិភាព និងសុខមាលភាព។
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕







