គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ ទេសចរណ៍ភាពយន្ត ជាឧបករណ៍ដ៏មានសក្តានុពលក្នុងការផ្សព្វផ្សាយកម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ខេត្តសៀមរាប៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពី «ការជំរុញទេសចរណ៍ភាពយន្តនៅកម្ពុជា» ដែលជាវេទិកាដ៏មានសារៈសំខាន់ក្នុងការប្រមូលផ្តុំតំណាងស្ថាប័នរដ្ឋ វិស័យឯកជន សមាគម និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ វប្បធម៌ សិល្បៈ និងភាពយន្ត ដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកវិធានការជាក់ស្តែងក្នុងការជំរុញកម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ភាពយន្ត (Film Tourism Destination) កាន់តែមានភាពទាក់ទាញ និងប្រកួតប្រជែង។

ចំណុចសំខាន់មួយនៃសិក្ខាសាលា គឺ កិច្ចពិភាក្សាស្តីពី «កាលានុវត្តភាព បញ្ហាប្រឈម និងវិធានការគន្លឹះក្នុងការជំរុញទេសចរណ៍ភាពយន្ត» ដែលបានផ្តល់ឱកាសដល់តំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញក្នុងវិស័យភាពយន្ត និងទេសចរណ៍ ចែករំលែកបទពិសោធន៍ ទស្សនៈ និងអនុសាសន៍ ដើម្បីកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទេសចរណ៍ភាពយន្តនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចពិភាក្សានេះ សម្របសម្រួលដោយ លោក សត្យា ហាតូ មន្ត្រីផ្សព្វផ្សាយទេសចរណ៍នៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងមានការចូលរួមផ្តល់ទស្សនៈពីវាគ្មិនមកពីស្ថាប័នរដ្ឋ សមាគម និងវិស័យឯកជន រួមមាន ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍, លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឧកញ៉ា ឡាយ គីមសួរ ប្រធានសមាគមសណ្ឋាគារកម្ពុជា ប្រចាំសាខាខេត្តសៀមរាប, លោក សុវណ្ណ មករា អគ្គលេខាធិការរងនៃសមាគមសិល្បករខ្មែរ, លោក ឆាយ បូរ៉ា ប្រធានសមាគមភាពយន្តកម្ពុជា, លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកានៃផលិតកម្មភាពយន្ត Sastra Film និង លោក Nick Ray តំណាងក្រុមហ៊ុន Hanuman Film។
ក្នុងកិច្ចពិភាក្សា វាគ្មិនបានផ្តោតលើសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា សម្រាប់ការទាក់ទាញផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ដោយកម្ពុជាមានទាំងសម្បត្តិបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ប្រាសាទបុរាណ ទេសភាពធម្មជាតិ ឆ្នេរសមុទ្រ កោះ តំបន់អេកូទេសចរណ៍ ទីក្រុង និងជីវភាពរស់នៅរបស់ប្រជាជន ដែលអាចក្លាយជាទីតាំងថតភាពយន្តប្រកបដោយភាពចម្រុះ និងមានអត្តសញ្ញាណពិសេស។
ជាមួយគ្នានេះ អង្គពិភាក្សាក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលត្រូវការកិច្ចសហការដោះស្រាយជាប្រព័ន្ធ រួមមាន ការសម្របសម្រួលនីតិវិធីពាក់ព័ន្ធនឹងការថតភាពយន្ត ការផ្តល់ព័ត៌មាន និងសេវាគាំទ្រដល់ផលិតកម្ម ការអភិវឌ្ឍធនធានមនុស្ស និងជំនាញបច្ចេកទេស ការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ការផ្សព្វផ្សាយទីតាំងថតភាពយន្ត និងការបង្កើនកិច្ចសហការរវាងវិស័យទេសចរណ៍ វប្បធម៌ ភាពយន្ត និងវិស័យឯកជន។
អង្គពិភាក្សាបានគូសបញ្ជាក់ផងដែរថា ការជំរុញទេសចរណ៍ភាពយន្តមិនត្រឹមតែមានគោលដៅទាក់ទាញក្រុមហ៊ុនផលិតភាពយន្តមកថតនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវអាច ប្រែក្លាយ «ទីតាំងថតភាពយន្ត» ទៅជា «គោលដៅទេសចរណ៍» តាមរយៈការតភ្ជាប់ស្នាដៃភាពយន្តជាមួយផលិតផល និងខ្សែទស្សនកិច្ចទេសចរណ៍ ការផ្សព្វផ្សាយគោលដៅ ការបង្កើតបទពិសោធន៍ថ្មីៗ និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។

ថ្លែងក្នុងពិធីបិទ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលា និងកិច្ចពិភាក្សា ព្រមទាំងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សមាគម អ្នកផលិតភាពយន្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីប្រែក្លាយអនុសាសន៍ និងគំនិតដែលទទួលបានពីសិក្ខាសាលា ទៅជាសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមជំរុញ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ផលិតកម្មភាពយន្តជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនការផ្សព្វផ្សាយទីតាំងថតភាពយន្ត និងសក្តានុពលទេសចរណ៍របស់កម្ពុជា ដើម្បីឱ្យ Film Tourism ក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ និងជាផ្នែកមួយនៃ Soft Power របស់កម្ពុជា ដែលអាចរួមចំណែកទាក់ទាញភ្ញៀវទេសចរ បង្កើតការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់កិត្យានុភាព និងរូបភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ។

Post a Comment (0)
Previous Post Next Post

sponser

 

Social