បាត់ដំបង÷ ឯកឧត្តមសុខលូ អភិបាលខេត្តបាត់ដំបងបានឱ្យដឹងថាតាមព័ត៌មានបឋម ត្រឹមព្រឹក ថ្ងៃទី០៦ខែសីហាឆ្នាំ២០២៥ នេះមានពលករខ្មែរប្រមាណ៨ម៉ឺននាក់បន្ថែមទៀតត្រៀមវិលចូលប្រទេស វិញតាមច្រកអន្តរជាតិដូង ខណៈម្សឹលមិញមានពលករចូលតាមច្រកនេះជាង១០ម៉ឺននាក់។ ការថ្លែងបញ្ជាក់នេះខណៈឯកឧត្តមបានដឹកនាំមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យស្ថានភាព និងទទួលស្វាគមន៍ ពលករដល់មាត់ច្រកទ្វារព្រំដែនផ្ទាល់។
បើតាមរបាយការណ៍ដែលផ្តល់ដោយលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបងអ្នកនាំពាក្យ រដ្ឋបាលខេត្តបាត់ដំបងគិតចាប់ពីក្រោយផ្ទុះសង្គ្រាមរវាងកងទ័ពកម្ពុជាថៃ ដែលបង្កឡើងដោយទាហាន ថៃមុននោះ គឺចាប់ថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៥ ដល់០៥ខែសីហា ពោលគឺរយៈពេល១២ថ្ងៃ មានចំនួនប្រជាពលរដ្ឋ និងពលករខ្មែរដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ វិលត្រឡប់មកប្រទេសវិញ ចំនួនជាង ៤៥ម៉ឺននាក់ ។ តួលេខនេះបើបូកថ្ងៃទី០៦សីហា ចំនួន៨ម៉ឺននាក់ទៀត គឺកើនជាង៥០ម៉ឺននាក់ ។ថ្ងៃនេះក៏ដូចម្សឹលមិញឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរ មន្រ្តីជំនាញ កងកម្លាំង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ត្រូវបន្តខិតខំយកចិត្តទុកដាក់បង្កលក្ខណៈងាយស្រួលនិងជួយសម្របសម្រួលដំណើរវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃ ។
សូមបញ្ជាក់ថាបើតាមក្រសួងការងារ ការវិលត្រឡប់មកមាតុប្រទេសវិញរបស់ប្រជាពលករខ្មែរពីថៃ ពីថ្ងៃទី៨ មិថុនា មកដល់ល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ មានចំនួនសរុប ៦៧០ ៨៣៩ នាក់ ៕ អត្ថបទ ៖ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង