ភ្នំពេញ÷ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានជួបប្រជុំជាមួយនាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសម៉ាឡេស៊ី។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីជំហររឹងមាំរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្របទឈប់បាញ់ ដែលបានផ្តួចផ្តើមដោយប្រធានាធិបតី Donald Trump ហើយដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេណបច្ចុប្បន្ន។សហរដ្ឋអាមេរិកបានប្តេជ្ញាថា នឹងតាមដានការអនុវត្តន៍យ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យមានភាពជោគជ័យ និងប្រសិទ្ធភាពខ្ពស់។ ភាគីទាំង២ក៏បង្ហាញពីការគាំទ្រផ្នែកភស្តុភារ និងបច្ចេកទេស ដើម្បីបង្កើតក្រុម AMT (ASEAN Monitoring Team) ឲ្យបានលឿន និងមានសមត្ថភាព។
បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានបង្ហាញពីការអនុវត្តបន្ត រួមមាន៖ ការធ្វើផែនការយោធា, ការផ្គត់ផ្គង់គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងបច្ចេកវិទ្យាទំនើបជាច្រើនទៀត។
សូមបញ្ជាក់ថា៖ ជំនួបដ៏មានសារៈសំខាន់នេះបានបង្ហាញថា សហរដ្ឋអាមេរិកបានត្រៀមខ្លួន និងឆន្ទៈពិតប្រាកដក្នុងការគាំទ្រដល់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ ៕