ភ្នំពេញ÷ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយប្រមូលផ្តុំភាគីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិប្រមាណ ១០០ នាក់។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត ញឹម ខេមារា រដ្ឋមន្ត្រីស្តីទីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីសារៈសំខាន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការបង្កើនភាពធន់ និងភាពប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ចជាតិ។ឯកឧត្តមបានលើកឡើងថា៖ “សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលរួមចំណែកដក់ការបង្កើតការងារ ប្រាក់ចំណូល និងនវវានុវត្តន៍។ យុទ្ធសាស្ត្រនេះនឹងបម្រើជាផែនទីបង្ហាញផ្លូវសម្រាប់ដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការពង្រឹងភាពប្រកួតប្រជែង បង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍ជាតិ។”បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងប្រមូលធាតុចូលពីស្ថាប័នសាធារណៈ និងឯកជន ដើម្បីធានាថា យុទ្ធសាស្ត្រជាតិនេះនឹងដោះស្រាយតម្រូវការជាក់ស្តែង ដោយកែលម្អបរិយាកាសធុរកិច្ច ពង្រឹងសមត្ថភាពផលិត ពង្រីកឱកាសឈានចូលទីផ្សារ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញបច្ចុប្បន្នភាពនៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ដោយលើកឡើងថា៖ “តាមរយៈយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលមានគោលបំណងធ្វើទំនើបកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាសហគ្រាសដែលបង្កើតតម្លៃបន្ថែមខ្ពស់ មានភាពប្រកួតប្រជែង និងជំរុញដោយនវានុវត្តន៍។ យុទ្ធសាស្រ្តនេះរួមបញ្ចូលការលើកកម្ពស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាផ្នែកមួយនៃខ្សែច្រវាក់ផលិតកម្ម ពង្រឹងឧស្សាហកម្មប្រតិគមន៍ អភិវឌ្ឍតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងជំរុញការអនុវត្តអាជីវកម្មប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម បរិស្ថាន និងអភិបាលកិច្ច។”


.j.jpg)

.j.jpg)

