យុវតីខាងលើថា "វាអាចផ្ដល់អត្ថប្រយោជន៍ដល់ខ្ញុំ ដូចជាការស្វ័យសិក្សានៅផ្ទះ ដូចជាការស្វ័យសិក្សានៅសាលា ពេលដែលពាក្យពេចន៍ដែលយើងមិនយល់ ឬក៏លំហាត់អ្វីមួយដែលយើងមិនទាន់នឹងច្បាស់។"
ចំណែកឯយុវតី សុផាលីណា ក៏បានបញ្ចេញជាទស្សនថា "យើងអាចស្វែងយល់នូវមេរៀនមួយចំនួន ដែលជាចំណេះដឹងទូទៅ ដែលគ្មាននៅក្នុងប្រព័ន្ធការសិក្សាក្នុងសាលា ហើយយើងអាចទទួលបានចំណេះដឹងមួយចំនួនបន្ថែមទៀត ពីលើការដែលយើងស្រាវជ្រាវនៅក្នុងមេរៀនក្នុងសៀវភៅ។យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យមានការភ្លើតភ្លើន ចេះប្រុងប្រយ័ត្នឱ្យបានច្រើនជាងមុន ឬក៏មានពាក្យមួយទៀតគេហៅថា កុំមានចិត្តលោភភន់។"ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រ យុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ថា ការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹងពីសុវត្ថិភាពប្រើប្រាស់អ៊ីនធើណែតឱ្យបានទូលំទូលាយ និងផលប្រយោជន៍ ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់បុគ្គល មនុស្សជាតិទូទៅ សុវត្ថិភាពសង្គម និងពិភពលោក។ ការវិវត្តនៃបច្ចេកវិទ្យា AI មិនត្រឹមតែជាការស្រាវជ្រាវបែបវិទ្យាសាស្ត្រនោះទេ ប៉ុន្តែវាគឺជាឧបករណ៍យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ឯកឧត្តមអភិសន្តិបណ្ឌិតបានបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យា AI គឺជាប្រព័ន្ធបច្ចេកវិទ្យាវិទ្យាសាស្រ្ដ ប្រកបដោយភាពវ័យឆ្លាត បង្កលក្ខណៈងាយស្រួល សម្រាប់បម្រើផលប្រយោជន៍លើគ្រប់វិស័យ ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនជឿនលឿន ការអប់រំសង្គមកាន់តែងាយស្រួល ទំនាក់ទំនងជាតិ អន្ដរជាតិកាន់តែល្អប្រសើរ ផ្គាប់ចិត្តបានមនុស្សគ្រប់វ័យ។ទោះបីជា AI ផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងសេដ្ឋកិច្ចក៏ពិតមែន ប៉ុន្តែវាក៏ជាមុខព្រួញដែលជនខិលខូចប្រើសម្រាប់ប្រព្រឹត្តបទល្មើសផងដែរ ខណៈប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបឥតឈប់ឈរទូទាំងសកលលោក។ ក្នុងន័យនេះ ឯកឧត្តមសង្កត់ធ្ងន់ថា ភាពរីកចម្រើនឥតឈប់ឈរនៃប្រព័ន្ធ AI ក៏បាននាំមកនូវហានិភ័យខ្ពស់ និងស្មុគស្មាញផងដែរ។ បញ្ហានេះបានបង្កជាផលអវិជ្ជមានដល់ការរីកចម្រើនរបស់ជាតិ ដោយសារកុមារ និងយុវជនអាចក្លាយជាជនរងគ្រោះនៃការបោកប្រាស់។ក្រៅពីការបន្លំរូបភាព វីដេអូ និងសំឡេង ឧក្រិដ្ឋកម្មអនឡាញកំពុងក្លាយជាសត្រូវលាក់មុខដែលឆក់យកទ្រព្យសម្បត្តិ និងជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។ ជាក់ស្ដែង ត្រឹមតែក្នុងឆ្នាំ២០២៥ ការបាត់បង់ថវិកាមានរហូតដល់រាប់សិបលានដុល្លារ។ តើល្បិចកលទាំងនោះមានរូបភាពបែបណាខ្លះ ហើយវាបានជះឥទ្ធិពលអាក្រក់យ៉ាងណាដល់សង្គម? សូមអញ្ជើញស្ដាប់ប្រសាសន៍រៀបរាប់លម្អិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានថ្លែងថា បច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាបានផ្លាស់ប្ដូរផ្នត់គំនិត ឥរិយាបថ និងរបៀបរបបរស់នៅរបស់មនុស្ស កាត់បន្ថយទំនាក់ទំនងបែបប្រពៃណី ជាមួយមនុស្សក្នុងសង្គម។លោកជំទាវបានគូសបញ្ជាក់ថាការអប់រំសីលធម៌ក្នុងចិត្តគឺជាកត្តាសំខាន់បំផុត ដើម្បីឱ្យមនុស្សប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងផ្ដល់ប្រយោជន៍ដល់សង្គម។
លោកជំទាវក៏បានស្នើសុំកិច្ចសហការគាំពារពីគ្រប់ភាគីទាំងអស់ អ្នកជំនាញ អាណាព្យាបាល និងអាជ្ញាធរ ត្រូវរួមគ្នាផ្ដល់ចំណេះដឹងដល់កុមារ និងយុវជន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យបច្ចេកវិទ្យាដែលកំពុងវិវត្តយ៉ាងលឿន។
នាយកប្រតិបត្តិអង្គការ Action Pour Les Enfants ឬហៅកាត់ថា APLE ដែលប្រឆាំងនឹងការរំលោភផ្លូវភេទលើកុមារ លោក សំលៀង សីលា បានលើកឡើងថា កុមារ និងយុវជនក្មេងៗជាដៃគូ និងជាអ្នកដឹកនាំនាពេលអនាគតសម្រាប់សុវត្ថិភាពឌីជីថល។ ពិភពអ៊ីនធឺណិតផ្តល់ឱកាសសម្រាប់ការរៀនសូត្រ ការច្នៃប្រឌិត និងការតភ្ជាប់ ប៉ុន្តែការប្រើប្រាស់ត្រូវប្រកបដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវ។ អ្នកជំនាញផ្នែកកុមាររូបនេះ បានផ្តល់នូវគន្លឹះសំខាន់ៗមួយចំនួនដល់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងអស់ ជាពិសេសកុមារ និងមនុស្សវ័យក្មេង ដូចជា ការផ្ទៀងផ្ទាត់ព័ត៌មាន ការការពារឯកជនភាព ការស្វែងរកជំនួយជាដើម។
នាយកប្រតិបត្តិអង្គការ APLE បានមានប្រសាសន៍បន្តទៀតថា «ទីបី អាកប្បកិរិយា សូមប្អូនៗចងចាំថា សកម្មភាពរបស់យើងតាមអ៊ីនធឺណិត អាចបង្កផលវិបាកផ្ទាល់ដល់ជីវិតរស់នៅរបស់យើង និងអ្នកដទៃ។ ដូច្នេះ មុននឹងបង្ហោះ ចែករំលែក ឬបញ្ចេញមតិយោបល់តាមអនឡាញ សូមសួរខ្លួនឯងថា តើនេះជាការពិតដែរទេ? តើនេះបង្ហាញពីសន្តានចិត្តសប្បុរសដែរឬទេ? តើនេះអាចបង្កគ្រោះថ្នាក់ ឬការឈឺចាប់ដល់អ្នកដទៃដែរឬទេ? ប្អូនៗអាចក្លាយជាគំរូតាមអនឡាញបាន ដូច្នេះចូរជ្រើសរើសទង្វើរបស់ខ្លួនដោយភាពឆ្លាតវៃ គុណធម៌ និងការទទួលខុសត្រូវ។ទីបួន កិច្ចសន្យា ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានតម្លៃណាស់។ នៅពេលវេទិកាអនឡាញណាមួយស្នើសុំទិន្នន័យទាំងនេះ ឬស្នើសុំការយល់ព្រមលើលក្ខខណ្ឌនៃការប្រើប្រាស់ ប្អូនៗគួរយល់ដឹងពីអ្វីដែលអ្នកកំពុងយល់ព្រម។ សេវាកម្ម ឬកម្មវិធីឌីជីថលដែលមិនគិតថ្លៃមួយចំនួន ទាញយក និងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់ប្អូនជាការទូទាត់នឹងតម្លៃនៃការប្រើប្រាស់ ហើយអាចទាញយើងធ្លាក់ក្នុងបទពិសោធន៍អនឡាញដែលមិនល្អ។»
បច្ចេកវិទ្យា AI និងពិភពឌីជីថល គឺជាអាវុធមុខពីរដែលផ្តល់នូវកាលានុវត្តភាពមហា សាលសម្រាប់ការអភិវឌ្ឍចំណេះដឹង និងសេដ្ឋកិច្ច ប៉ុន្តែវាក៏បង្កប់នូវហានិភ័យដ៏គ្រោះថ្នាក់បំផុត ប្រសិនបើប្រើប្រាស់ដោយខ្វះការប្រុងប្រយ័ត្ន។ តួលេខនៃការបាត់បង់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ និងផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គលក្នុងឆ្នាំ២០២៥ កន្លងទៅ គឺជាមេរៀនដ៏មានតម្លៃដែលតម្រូវឱ្យយើងគ្រប់គ្នាត្រូវតែមាន ខែលការពារឌីជីថល រៀងៗខ្លួនគឺការរួមបញ្ចូលគ្នារវាង "ចំណេះដឹងបច្ចេកវិទ្យា" និង "សីលធម៌ក្នុងចិត្ត"។ ដូចដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអ្នកជំនាញបានសង្កត់ធ្ងន់ថា សុវត្ថិភាពអនឡាញមិនមែនជាភារកិច្ចដាច់ដោយឡែករបស់រដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលនោះទេ ប៉ុន្តែវាគឺជាការទទួលខុសត្រូវរួមគ្នារវាងអាណាព្យាបាល លោកគ្រូអ្នកគ្រូ និងសាមីខ្លួនផ្ទាល់។មុននឹងចុចប៊ូតុង "បង្ហោះ" "ចែករំលែក" ឬ "ផ្តល់ទិន្នន័យ" ត្រូវសួរខ្លួនឯងជាមុនថាមានសុវត្តិភាពហើយ ឫនៅ? ៕ អត្ថបទ៖ RNK










