កំពង់ឆ្នាំង÷ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាស្រុកសាមគ្គីមានជ័យ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យលើលទ្ធផលនៃការអភិវឌ្ឍមូលដ្ឋាន, ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ, ការឆ្លើយតបទៅនឹងសំណូមពរ និងការដោះស្រាយនូវបញ្ហានិងតម្រូវការនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ក្រុមការងាររាជរដ្ឋាភិបាលស្រុកទាំង២ សំដៅចូលរួមគាំទ្រការអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ឯកឧត្តមរដ្ឋមន្ដ្រី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈសម្រាប់ផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋពិតប្រាកដ។ឯកឧត្តមរដ្ឋមន្ដ្រីក៏ បានផ្តល់នូវអនុសាសន៍មួយចំនួន ជូនដល់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបន្តដំណើរការអនុវត្តការងារឱ្យសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅការងារដែលបានដាក់ចេញ ជាពិសេសការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ




