ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)។
យោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលឹកថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានប្រព្រឹត្តទៅនៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ។ តំបន់ប្រាសាទសំបូរព្រៃគុក គឺជាទីតាំងអតីតរាជធានីខ្មែរក្នុងសម័យចេនឡា ដែលមានឈ្មោះដើមថា “ឦសានបុរៈ" ហើយបច្ចុប្បន្នស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ប្រាសាទបុរាណនេះ ត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៦ ដល់សតវត្សរ៍ទី៨ ក្នុងរជ្ជកាលស្តេចឥសានវរ្ម័ន ដោយបែងចែកជាបីក្រុមសំខាន់ៗ រួមមាន៖ទី១. ក្រុមប្រាសាទសំបូរ (ខាងជើង) ទី២. ក្រុមប្រាសាទកណ្តាល (ប្រាសាទតោ) ទី៣. ក្រុមប្រាសាទខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។នាឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈសារបំផុសគំនិតថា៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប» ដើម្បីរួមគ្នាថែរក្សាការពារកេរដំណែលប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះឱ្យបានគង់វង្សទៅថ្ងៃអនាគត៕សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦)
ដោយMnsp-news
-យ៉ែម មន្នី
0
Tags:
ព័ត៌មានជាតិ




