ភ្នំពេញ ÷ករណីចោរកម្មមួយបានកើតឡើងរវាងជនជាតិចិន និងជនជាតិចិនដូចគ្នា ដោយជនសង្ស័យ២នាក់ ត្រូវបានម្ចាស់ឃ្លាំងទំនិញឃាត់ខ្លួន រួចប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាត់ការតាមច្បាប់ ក្រោយបែកការណ៍រឿងលួចទ្រព្យសម្បត្តិ រួមទាំងប្រាក់សុទ្ធចំនួន៣០,០០០ដុល្លារទៅបាត់ស្រមោល។
ហេតុការណ៍ផ្អើលឆោឡោនេះ បានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចឃ្លាំងគ្មានលេខ ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យម្នាក់ ឈ្មោះ លិញ ចែវហួយ អាយុ៣០ឆ្នាំ និងជនសង្ស័យម្នាក់ទៀត ឈ្មោះ LIN JINLAI អាយុ៥២ឆ្នាំ អ្នកទាំងពីរជាជនជាតិចិន មុខរបរជាអ្នកដឹកជញ្ជូន ស្នាក់នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកម្ចាស់ឃ្លាំងជាជនរងគ្រោះ ឈ្មោះ ZHANG SENLIN អាយុ៣៦ឆ្នាំ ជនជាតិចិន ស្នាក់នៅក្បែរទីតាំងកើតហេតុ។តាមប្រភពពីសមត្ថកិច្ចបានទម្លាយដឹងថា មុនពេលកើតហេតុ ម្ចាស់ឃ្លាំងទំនិញបានបើករថយន្តចេញទៅស្ថានទូតចិន បំណងទៅរត់ការងារ។ ទៅមិនទាន់ទាំងដល់ផង ស្រាប់តែមានមិត្តភក្តិទូរសព្ទមកប្រាប់ទាំងភិតភ័យថា មានគេលួចចូលឃ្លាំងហើយ។គ្រាន់តែឮភ្លាម ជនរងគ្រោះបានបកឡានត្រលប់មកវិញយ៉ាងប្រញាប់ លុះមកដល់ ស្រាប់តែឃើញជនសង្ស័យចិនទាំង ២នាក់ខាងលើ កំពុងធ្វើសកម្មភាពដោះកង្ហារទូទឹកកកយ៉ាងរំភើយធ្វើមិនដឹង ឃើញសភាពមិនស្រួល ម្ចាស់ឃ្លាំងក៏បានហៅជនសង្ស័យទាំងពីរចូលទៅសួរនាំក្នុងបន្ទប់ការិយាល័យ។
![]() |
| ខណៈចូលទៅដល់ក្នុងបន្ទប់ ម្ចាស់ឃ្លាំងស្រឡាំងកាំងព្រោះបាត់បង់សម្ភារៈអស់មួយចំនួន រួមមានកុំព្យូទ័រចំនួន០២គ្រឿង, ទូរសព្ទដៃម៉ាក HONOR ពណ៌ខ្មៅ០១គ្រឿង |
ភ្លាមៗនោះ ម្ចាស់ឃ្លាំងភ្នែករហ័ស ក្រឡេកឃើញជនសង្ស័យឈ្មោះ លិញ ចែវហួយ កំពុងលាក់ទូរសព្ទដៃម៉ាក HONOR របស់ខ្លួននៅខាងក្រោយខ្នង ក៏ស្ទុះទៅដកហូតយកមកវិញ រួមទាំងរាវរកឃើញកុំព្យូទ័រទាំង០២គ្រឿងផងដែរ។ ប៉ុន្តែ អ្វីដែលជាចំណោទធំគឺប្រាក់សុទ្ធ៣ម៉ឺនដុល្លារ មិនដឹងជាហើរទៅណាបាត់ឡើយ ដោយរកមិនឃើញនោះទេ។នៅពេលត្រូវម្ចាស់ឃ្លាំងដេញដោលសួរចម្លើយខ្លាំងៗ ជនសង្ស័យទាំង២នាក់ បានធ្វើល្បិចដើរចេញទៅក្រៅបំណងគេចខ្លួន តែត្រូវបានម្ចាស់ឃ្លាំងស្ទាក់ឃាត់ខ្លួនជាប់ រួចប្ដឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ឱ្យចុះមកអន្តរាគមន៍នាំខ្លួនទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕










