គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកសារព័ត៌មាន តំណាងសហជីព និងតំណាងអង្គការ OXFAM មកទស្សនាការធ្វើតេស្តទទួលស្គាល់ជំនាញ ដើម្បីបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលជួយអតីតពលករ

ខេត្តតាកែវ៖ អ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាតិ តំណាងសហជីព និងតំណាងអង្គការ OXFAM កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ ២០២៦នេះ បានអញ្ជើញចុះទស្សនកិច្ចនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីវិធានការ និងកម្មវិធីដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការជួយគាំទ្រពលករមាតុភូមិនិវត្តន៍ ជាពិសេសបងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ឱ្យអាចបន្តអាជីព និងរស់នៅក្នុងប្រទេសដោយមានការងារសមរម្យ និងចំណូលប្រកបដោយស្ថិរភាព។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីភាពជាក់ស្តែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់សេវាគាំទ្រដល់ពលករមាតុភូមិនិវត្តន៍ រួមមាន ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (Recognition of Prior Learning - RPL) ការផ្តល់ការបណ្តុះបណ្តាលបន្ថែម ការប្រឹក្សាការងារ ការភ្ជាប់ទៅកាន់ឱកាសការងារក្នុងស្រុក និងការគាំទ្រឱ្យពួកគេអាចចាប់ផ្តើមមុខរបរ ឬអាជីវកម្មដោយខ្លួនឯង។

ក្នុងឱកាសនោះ អ្នកចូលរួមបានទស្សនាពីដំណើរការនៃការវាយតម្លៃសមត្ថភាពជាក់ស្តែង ការបណ្តុះបណ្តាលជំនាញ និងបានជួបសំណេះសំណាលជាមួយបងប្អូនអតីតពលករ ដោយបានចែករំលែកបទពិសោធន៍ពីការទទួលបានការគាំទ្រពីក្រសួង រហូតអាចស្វែងរកការងារថ្មី ឬបង្កើនប្រាក់ចំណូលដោយប្រើប្រាស់ជំនាញដែលខ្លួនមាន។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា៖ «បងប្អូនអតីតពលករខ្មែរ មិនមែនចាប់ផ្តើមពីសូន្យនោះទេ ពួកគាត់បាននាំយកបទពិសោធន៍ និងជំនាញដែលមានតម្លៃត្រឡប់មកកម្ពុជាវិញ ចំណែកឯភារកិច្ចរបស់រាជរដ្ឋាភិបាល គឺផ្តល់នូវការទទួលស្គាល់ជំនាញទាំងនោះ បន្ថែមសមត្ថភាព ភ្ជាប់ទៅកាន់ការងារ ដែលអាចជួយឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរ»។

ឯកឧត្តមបានបន្ថែមថា ការចូលរួមរបស់អ្នកសារព័ត៌មាន តំណាងសហជីព និងតំណាងអង្គការ OXFAM ក្នុងដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់មួយ ដើម្បីឱ្យដៃគូទាំងអស់បានឃើញដោយផ្ទាល់ពីលទ្ធផលនៃគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្របងប្អូនអតីតពលករខ្មែរ និងផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន។
ដំណើរទស្សនកិច្ចនេះក៏បានបង្ហាញពីកិច្ចសហការដ៏រឹងមាំរវាងរាជរដ្ឋាភិបាល សហជីព អង្គការ OXFAM និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញ ការបង្កើតការងារសមរម្យ និងការពង្រឹងប្រព័ន្ធគាំពារសង្គម ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។   សូមបញ្ជាក់ផងដែរថា​ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុនដល់បងប្អូនអតីតពលករខ្មែរ ចំនួន ១៤លើកមកហើយ លើជំនាញចំនួន ៨ ដូចជា ការងារកំបោរ, ការងារការ៉ូ, ការដំឡើងពុម្ព, ការដំឡើងបណ្តាញបំពង់ទឹក, ការងាររន្ទា, ការដំឡើងសរសៃដែក, ការផ្សារអគ្គិសនី និងការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ដោយក្នុងនោះមានបេក្ខជនចូលធ្វើតេស្តចំនួន ៨៤៥នាក់ បេក្ខជនចំនួន ៧៧៧នាក់ទទួលបានវិញ្ញាបនបត្រគុណវុឌ្ឍិជំនាញ និងបេក្ខជន ៦៨នាក់ទទួលបានលិខិតបញ្ជាក់ក្រេឌីត៕

Post a Comment (0)
Previous Post Next Post

sponser

 

Social