គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និង UNFPA ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ÷នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានទទួលជួបជាមួយ លោកស្រី សាន់ដ្រា ប៊ឺនក្លូវ តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា​ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ UNFPA ព្រមទាំងទិសដៅយុទ្ធសាស្ត្ររបស់ UNFPA និងដំណើរការកំណែទម្រង់ប្រព័ន្ធអង្គការសហប្រជាជាតិ។

លោកជំទាវរដ្ឋមន្ត្រីស្តីទី បានថ្លែងអំណរគុណចំពោះ UNFPA ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ ក្នុងការលើកកម្ពស់សុខុមាលភាព សុខភាពបន្តពូជ សមភាពយេនឌ័រ ការអភិវឌ្ឍយុវជន និងការពង្រឹងប្រព័ន្ធទិន្នន័យប្រជាជន។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ UNFPA ក្រោមកម្មវិធីប្រចាំប្រទេសទី៧ (ឆ្នាំ២០២៤-២០២៨) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ព្រមទាំងបានថ្លែងអំណរគុណចំពោះការឆ្លើយតបផ្នែកមនុស្សធម៌របស់ UNFPA ក្នុងការគាំទ្រស្ត្រី និងកុមារី ដែលរងផលប៉ះពាល់ដោយវិបត្តិនៅតាមព្រំដែនកម្ពុជា-ថៃ ផងដែរ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីដំណើរការកំណែទម្រង់ទិសដៅយុទ្ធសាស្ត្ររបស់ UNFPA សំដៅបង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងការសម្របសម្រួលការងារជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ។
ជាចុងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រីស្តីទី បានសម្តែងការគាំទ្រចំពោះការខិតខំប្រឹងប្រែងកំណែទម្រង់ ដែលនឹងពង្រឹងសមត្ថភាពរបស់ UNFPA នៅថ្នាក់ប្រទេស និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ UNFPA ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពរបស់ស្ត្រី មនុស្សពេញវ័យ និងប្រជាជនកម្ពុជា។

Post a Comment (0)
Previous Post Next Post

sponser

 

Social