គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិភាក្សាត្រៀមរៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន

ភ្នំពេញ÷នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសិក្ខាសាលា «ការលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន» ជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង និងឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន ឯកឧត្តម ថុង គន្ធយុឡេង ទីប្រឹក្សាក្រសួង និងជានាយករងខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយក្រុមការងារលេខាធិការដ្ឋានផងដែរ។

នៅក្នុងជំនួបពិភាក្សា ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានលើកឡើងថា តាមរយៈការអង្កេតនៅទូទាំងប្រទេសដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា ថ្វីត្បិតតែប្រជាពលរដ្ឋភាគច្រើនមានការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងច្បាប់ពាក់ព័ន្ធក្នុងកម្រិតខ្ពស់ក៏ដោយ ប៉ុន្តែក៏នៅមានអ្នកចាញ់បោកការបញ្ឆោតហើយធ្លាក់ខ្លួនទៅប្រើប្រាស់ និងពាក់ព័ន្ធនឹងគ្រឿងញៀន។
ស្ថានភាពនេះឃើញថា ការផ្សព្វផ្សាយអប់រំនៅតែមានភាពចន្លោះប្រហោងទាំងក្នុងខ្លឹមសារ វិធីសាស្ត្រ ឧបករណ៍ សម្ភារ បណ្តាញផ្សព្វផ្សាយ ការកំណត់ក្រុមគោលដៅ និងការវាស់វែងប្រសិទ្ធភាពនៃការផ្សព្វផ្សាយអប់រំ។ ដូច្នេះកិច្ចប្រជុំពិភាក្សានាពេលនេះ ដើម្បីកំណត់ថាតើអ្វីដែលយើងនឹងបន្តធ្វើរួមគ្នាដូចជា ការត្រៀមរៀបចំសិក្ខាសាលាដើម្បីប្រមូលធាតុចូលពីបណ្តាក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ សម្រាប់បទពិសោធន៍កន្លងមក កំណត់បញ្ហាប្រឈម ភាពខ្វះចន្លោះ និងស្វែងរកវិធីសាស្ត្រថ្មីៗដែលសមស្របនឹងស្ថានភាព និងការវិវត្តនៃសង្គមបច្ចុប្បន្ន។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដែលយើងបានធ្វើរួមគ្នាតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ទាំងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងតាមបែបឌីជីថល ការផលិតខ្សែវីដេអូអប់រំខ្លី សារអប់រំនានា និងការចុះយុទ្ធនាការផ្សព្វផ្សាយអប់រំតាមខេត្តគោលដៅផងដែរ។ បើទោះបីជាការងារផ្សព្វផ្សាយអប់រំត្រូវបានអនុវត្តយ៉ាងសកម្ម និងទូលំទូលាយក៏ពិតមែន ប៉ុន្តែយើងឃើញថា អ្នកដែលរងគ្រោះនៅតែមាន ជាពិសេសយុវជនដែលងាយនឹងធ្លាក់ចូលក្នុងការអូសទាញទៅប្រើប្រាស់គ្រឿងញៀន។
ក្រសួងនឹងបន្តសហការជាមួយអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយថែមទៀត ដើម្បីឱ្យការងារផ្សព្វផ្សាយអប់រំធ្វើឡើងរឹតតែចំក្រុមគោលដៅ និងកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់៕

Post a Comment (0)
Previous Post Next Post

sponser

 

Social